អាជ្ញាធរខណ្ឌច្បារអំពៅ បង្ក្រាបទីតាំងឆបោកតាមអនឡាញមួយក្នុងសង្កាត់វាលស្បូវ ឃាត់ខ្លួនជនជាតិចិន១១នាក់
រាជធានីភ្នំពេញ ៖ ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានអាជ្ញាធរចុះបង្ក្រាប បានដោយជោគជ័យ និងឃាត់ខ្លួនជនជាតិចិន ចំនួន ១១នាក់ រួមទាំងដកហូតសម្ភារៈ សម្រាប់ធ្វើសកម្មភាពបទល្មើស ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១៥០ បុរីដើមត្នោត ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្នែកនីតិវិធីពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ១១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ (CPU) ចំនួន ០១គ្រឿង និងទូរសព្ទដៃចំនួន ៦០គ្រឿង ដែលជាឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបទល្មើស ។
អាជ្ញាធរជំនាញបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំងអស់នេះ បានលួចលាក់ប្រើប្រាស់ទឹកដី នៃប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយប្រើប្រាស់ល្បិចកលរៀបចំរូបភាពអូសទាញ និងបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលរួមវិនិយោគ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕



