Detail Top Banner – Conway

នគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែង នៅស្រុកចន្ទ្រា និងឃាត់ខ្លួនមនុស្ស១១០នាក់

ស្នងការ​នគរបាល​ខេត្តស្វាយរៀង​​ លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅក្រុង​បាវិត។

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពី​ ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ០២ទីតាំង(ផ្ទះ​ជួល​ និង​ផ្ទះ​សណាក់) នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។

​ក្នុង​រង្វង់​ប្រតិបត្តិការកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សប្រុស-ស្រី​ចំនួន ១១០នាក់​ ស្រី​ ១៦នាក់ (ជនជាតិ​វៀតណាម​ ៩១នាក់​ ស្រី​ ១៥នាក់,ជនជាតិ​ចិន​ ១៤នាក់​ ប្រុស​ និង​ជនជាតិ​ខ្មែរ​ ០៥នាក់​ ស្រី​ ០១នាក់) ព្រមទាំងបានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷ កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទដៃ,ថេបប្លេត និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​៕

ព័ត៌មានទាក់ទង
×
Popup Banner