យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ (KCNA) គ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីដាក់ឱ្យដំណើរការនាវាចម្បាំងមួយ ដែល លោក ជុងអ៊ុន បានលើកឡើងថា អាចវាយប្រហារសងសឹកដ៏ខ្លាំងក្លាទៅលើគោលដៅរបស់សត្រូវដែលគំរាមកំហែងឥតឈប់ឈរ។

នាវាចម្បាំងឈ្មោះ Kang Kon ត្រូវបានដាក់ឈ្មោះតាមមេដឹកនាំយោធាកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតក្នុងសមរភូមិ អំឡុងសង្គ្រាមកូរ៉េ ហើយវាត្រូវបានដាក់ពង្រាយជាផ្លូវការក្នុងកម្មពិធីមួយនៅកំពង់ផែ Wonsan ភាគខាងកើតខេត្ត Kangwon កាលពីថ្ងៃអាទិត្យ។
ក្នុងសុន្ទរកថារបស់ លោក ជុងអ៊ុន បាននិយាយថា នាវាចម្បាំងនេះតំណាងឱ្យការគោរពខ្លួនឯង និងឆន្ទៈ របស់កូរ៉េខាងជើងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍។
យោងតាម KCNA លោក គីម បន្តថា៖ « ពេលវេលាបានមកដល់ហើយសម្រាប់យើង ក្នុងការអនុវត្តអធិបតេយ្យភាពរបស់យើងទាំងនៅក្នុងសមុទ្រ និងក្រោមទឹក»។
លោកបន្ថែមថា៖ « ស្រមោលគ្រោះថ្នាក់ត្រូវតែលុបចោល ហើយកូរ៉េខាងជើងស្ថិតនៅក្រោមការគំរាមកំហែងឥតឈប់ឈរក្នុងសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ និងដែនទឹកក្បែរនោះ»។
KCNA មិនបានបញ្ជាក់ថា ប្រព័ន្ធអាវុធអ្វីខ្លះ អាចត្រូវបានដាក់ពង្រាយនៅលើនាវា Kang Kon នោះទេ ប៉ុន្តែថា វាមានប្រព័ន្ធអាវុធដូចគ្នានឹងនាវាចម្បាំង Choe Hyon ទម្ងន់ ៥ ០០០តោន ដាក់ឱ្យដំណើរការ កាលពីខែមិថុនា។
ការរាយការណ៍របស់ KCNA មុនមួយនិយាយថា នាវាពិឃាតថ្នាក់ Choe Hyon អាចផ្ទុកអាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលដែលអ្នកវិភាគនិយាយថាមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ។
កាលពីថ្ងៃអាទិត្យ នាវា Kang Kon ត្រូវបានដាក់ឱ្យដំណើរការជាលើកទីបី។ នាវាពិឃាតនេះបានលិចផ្នែកខ្លះ អំឡុងពេលដាក់ឱ្យដំណើរការលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២៥ មុនពេលវាត្រូវបានជួសជុល និងដាក់ឱ្យដំណើរការឡើងវិញនៅខែបន្ទាប់។
នាវានេះឆ្លងកាត់ការជួសជុល និងការសាកល្បងលើសមុទ្របន្ថែមទៀត មុនពេលបញ្ចប់ការធ្វើតេស្តអាវុធនៅក្នុងខែកក្កដា ឆ្នាំនេះ៕


