អាវុធហត្ថខេត្តបាត់ដំបង-សៀមរាប ឃាត់ខ្លួនប្ដីប្រពន្ធមេខ្លោង និង បក្សពួក ផ្ញើថ្នាំញៀនតាមក្រុមហ៊ុនដឹកជញ្ជូន
ជនសង្ស័យ ចំនួន ៦ នាក់ ក្នុងនោះរួមមាន មេខ្លោងជាប្ដីប្រពន្ធ និង ថ្នាំញៀនប្រភេទម៉ាទឹកកក ៨ កញ្ចប់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង តាមស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ទាំងក្នុងខេត្តបាត់ដំបង ឈានដល់ខេត្តសៀមរាប ដែលបក្សពួកនេះផ្ញើថ្នាំញៀនដូចផ្ញើទំនិញតាមរយៈក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុករបស់ ក្រុមហ៊ុន វីរៈ ប៊ុនថាំ។

លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងជំនាញរបស់លោកបានចាប់ផ្ដើមប្រតិបត្តិការ ដោយមុនដំបូងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហូ រិទ្ធី ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិអូរឆ្លង ឃុំឈើទាល ស្រុកបាណន់ ដោយបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ២ កញ្ចប់ ស្មើនឹងទម្ងន់ ៦,៦៨ ក្រាម ទូរសព្ទដៃ ១ គ្រឿង និង ម៉ូតូ ១ គ្រឿង។

លោកប្រធានមន្ទីរស្រាវជ្រាវ បានបន្តថា យោងតាមចម្លើយសារភាព កម្លាំងសមត្ថកិច្ចជំនាញ បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាមេខ្លោងរបស់ឈ្មោះ ហូ រិទ្ធី គឺមានឈ្មោះ រិន សារួន ហៅឌី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ ដោយដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ១ កញ្ចប់ មានទម្ងន់ ៥,៨០ ក្រាម ទូរសព្ទដៃ ២ គ្រឿង និង ម៉ូតូ ១ គ្រឿង។

ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួចមក កម្លាំងបាននាំជនសង្ស័យទៅដកបញ្ញើនៅក្រុមហ៊ុន វីរៈ ប៊ុនថាំ មានទីតាំងនៅចំណុចផ្សារ បឹងឈូកកណ្ដាល ក្រុងបាត់ដំបង ព្រមទាំងបានហែកកញ្ចប់ត្រួតពិនិត្យនៅក្នុងទីតាំងបញ្ញើនោះតែម្ដង រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣ កញ្ចប់ មានទម្ងន់ ៣០១,៣៧ ក្រាម ហើយក៏បន្តឈានទៅឃាត់ខ្លួនមុខសញ្ញាចំនួន ២ នាក់ បន្ថែមទៀត នៅចំណុចភូមិវត្តគរ ដែលជនទី១.ឈ្មោះ ជា ស្រស់ ហៅតឿ ភេទប្រុស អាយុ ៣២ ឆ្នាំ និង ជនទី ២.ឈ្មោះ យឹម សីហា ភេទប្រុស អាយុ ៣៥ ឆ្នាំ។ ជនទាំងពីរ រស់នៅភូមិអូរចារ ដោយសមត្ថកិច្ចបានដកហូតទូរសព្ទចំនួន ២ គ្រឿង និង ម៉ូតូ ១ គ្រឿង។

ក្រោយពីទទួលបានចម្លើយច្បាស់លាស់រួចមក កម្លាំងមន្ទីរជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចុះធ្វើការឃាត់ខ្លួនមេខ្លោងប្ដីប្រពន្ធដែលជាអ្នកផ្ញើគ្រឿងញៀនតាមក្រុមហ៊ុន វីរៈប៊ុនថាំ និង បច្ចុប្បន្នកំពុងរស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបុរសជាប្ដីមានឈ្មោះ អេង រតនៈ អាយុ ២៥ ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិតាផុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និង ប្រពន្ធឈ្មោះ សុខ ស្រីនាង អាយុ ២៦ ឆ្នាំ រស់នៅភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

កិច្ចប្រតិបត្តិការនៅខេត្តសៀមរាប កម្លាំងសមត្ថកិច្ច បានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២ កញ្ចប់ មានទម្ងន់ ៥១,៤ ក្រាម ទូរសព្ទ ១ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១ ម៉ូតូ ១ គ្រឿង និង ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនមនុស្សចំនួន ៦ នាក់ ក្នុងនោះ ស្រីម្នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកក ៨ កញ្ចប់ ទម្ងន់សរុប ៤០៩,៩៣ ក្រាម ដោយជនទាំងនេះ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និង បញ្ជូនទៅកាន់តុលាការរួចហើយ កាលពីម្សិលមិញនេះ៕


