រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានផ្ញើសារមួយទៅកាន់ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅថ្ងៃទី៩ ខែកញ្ញា អំឡុងពេលបំពេញទស្សនកិច្ចទៅកាន់កងទាហានអ៊ីស្រាអែលដែលកំពុងឈរជើងនៅភាគខាងត្បូងប្រទេសស៊ីរី ដោយបានប្ដេជ្ញាថា កងទ័ពនឹងមិនដកថយឡើយ។

យោងតាម middleeasteye, ក្នុងដំណើរទស្សនកិច្ចរួមគ្នាជាមួយនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រមុខក្រសួងការពារជាតិអ៊ីស្រាអែល បានថ្លែងថា «យើងមកទីនេះដើម្បីផ្ញើសារដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់មួយទៅកាន់ប្រធានាធិបតីស៊ីរី ដែលកំពុងស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រនៅខាងក្រោមនោះ ក្នុងវិមានរបស់លោកនៅទីក្រុងដាម៉ាស (Damascus) ថា យើងកំពុងស្ថិតនៅលើភ្នំ Hermon យើងស្ថិតនៅក្នុងតំបន់សន្តិសុខ ហើយយើងនឹងមិនចាកចេញពីទីនេះឡើយ»។
លោក Katz ក៏បានព្រមានទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវដ៏ចម្បងក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។ លោកបានលើកឡើងថា អ៊ីរ៉ង់គឺជារូបភាពនៅពីក្រោយខ្នង យើងបានវាយប្រហារប្រទេសនេះពីរដងរួចមកហើយ ហើយនៅពេលចាំបាច់ យើងនឹងវាយប្រហារជាលើកទីបី ដើម្បីបន្តរារាំងរាល់ការគំរាមកំហែងទាំងឡាយ។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងក្នុងដំណើរទស្សនកិច្ចនោះថា ប្រទេសអ៊ីរ៉ង់កំពុងស្ថិតនៅកៀកនឹងការដួលរលំ ខណៈដែលការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមមជ្ឈិមបូព៌ារយៈពេលប្រាំមួយខែកាន់តែខ្លាំងក្លាឡើង។
លោកបានថ្លែងនៅលើទឹកដីស៊ីរី នៃភ្នំ Hermon ថា «នៅមានការងារជាច្រើនដែលត្រូវធ្វើ ភារកិច្ចចម្បងគឺការទម្លាក់របបភេរវកម្មនៅអ៊ីរ៉ង់។ យើងកំពុងខិតជិតដល់ចំណុចនោះណាស់ហើយ»។ លោកបានបន្ថែម ដោយសំដៅទៅលើក្រុមតំណាងរបស់អ៊ីរ៉ង់ប្រចាំនៅមជ្ឈិមបូព៌ា ថា នឹងត្រូវដួលរលំនៅទីបំផុត។
នៅភាគខាងត្បូងប្រទេសស៊ីរី កងកម្លាំងអ៊ីស្រាអែលបានឈរជើងនៅក្នុងតំបន់សន្តិសុខ ចាប់តាំងពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។ ពួកគេបានចូលកាន់កាប់តំបន់ដែលពីមុនជាតំបន់ទ្រនាប់ការពារដើរល្បាតដោយអង្គការសហប្រជាជាតិ ដែលបានខណ្ឌចែករវាងកងកម្លាំងអ៊ីស្រាអែល និងស៊ីរីនៅលើតំបន់ Golan ដែលអ៊ីស្រាអែលគ្រប់គ្រង ចាប់តាំងពីឆ្នាំ១៩៧៤៕


