ករណីក្មេងស្រីវាយតប់គ្នា និងបង្ហោះលើបណ្ដាញសង្គម សមត្ថកិច្ចបញ្ជាក់ថាកើតឡើងតាំងពីថ្ងៃទី២៤សីហា និងកំពុងស្រាវជ្រាវបន្ថែមដើម្បីអនុវត្តនីតិវិធី
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានធ្វើការបំភ្លឺជុំវិញករណីបង្ហោះវិឌីអូក្មេងស្រីមួយក្រុមធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក និងបានបង្ហោះវិឌីអូនៅលើបណ្តាញសង្គមហ្វេសបុក នាពេលកន្លងទៅថ្មីៗនេះ។

ការចេញមកបំភ្លឺព័ត៌មាននាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ធ្វើឡើងបន្ទាប់ពីបានឃើញការបង្ហោះវិឌីអូនៅលើបណ្តាញសង្គមហ្វេសបុក ដោយបានភ្ជាប់ជាមួយខ្លឹមសារទាំងស្រុងថា «សូមសមត្ថកិច្ច ជួយរកយុត្តិធម៌ឲ្យប្អូនខ្ញុំផង គ្នា៥ នាក់ព្រួតវាយម្នាក់ ចំណុចកើតហេតុនៅភូមិវ៉េវ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ»។
ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល២ធ្នូ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចុះស្រាវជ្រាវដល់ទីតាំងខាងលើ ស្ថិតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងបានកោះហៅ ក្មេងស្រី អាយុ ១៧ឆ្នាំម្នាក់ និងក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ រួមទាំងក្មេងស្រីដទៃទៀត ដែលមានជាប់ពាក់ព័ន្ធដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីបានធ្វើការសាកសួរក្មេងស្រីភាគីទាំងសងខាង បានឆ្លើយសារភាពថា ក្មេងស្រីភាគីម្ខាងមានគ្នីគ្នា ចំនួន ៣នាក់ និងភាគីម្ខាងទៀតមានគ្នីគ្នាចំនួន ៥នាក់។ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទី បានណាត់ជួបគ្នា នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីដោះស្រាយសម្របសម្រួលរឿងឌឺដងគ្នាតាមបណ្តាញទំនាក់ទំនងសង្គម (Facebook Chat)។ ក្នុងពេលភាគីទាំងពីរកំពុងសម្របសម្រួលពុំត្រូវគ្នានោះ ក៏បានទាស់ពាក្យសម្តីគ្នាជាថ្មីម្តងទៀត ហើយបានឈានដល់ការប្រើប្រាស់ហិង្សាវាយប្រតាយប្រតបគ្នាទៅវិញទៅមក ចំណែកអ្នកផ្សេងទៀតគឺនៅឈរមើល និងថតវីដេអូសកម្មភាព។

ដោយពិនិត្យលើអង្គហេតុ ករណីខាងលើកើតឡើងតាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥និង០០នាទី មានរយៈពេល ១៥ថ្ងៃកន្លងមកហើយ។
តាមការបំភ្លឺព័ត៌មានបានបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តក្រចេះ សមត្ថកិច្ចជំនាញស្នើសុំបើកការស៊ើបអង្កេតបឋម ដើម្បីប្រមូលព័ត៌មានជុំវិញរឿងហេតុ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕


