Detail Top Banner – Conway

លោក ស៊ី ទៅដល់ អាមេរិក ខណៈលោក ត្រាំ សុខចិត្តធ្វើខុសពិធីការ ដើម្បីស្វាគមន៍មេដឹកនាំចិន ឱ្យបានកក់ក្តៅ

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ប្រមុខរដ្ឋចិន ស៊ី ជីនពីង និងភរិយា បានទៅដល់សហរដ្ឋអាមេរិក ហើយ ដើម្បីចាប់ផ្តើមការធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ ខណៈវត្តមានរបស់លោកនាពេលនេះ ត្រូវបានពិភពលោក ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោក ស៊ី និងភរិយា បានទៅដល់សហរដ្ឋអាមេរិក 

ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ, លោកត្រាំ បានទៅទទួលប្រធានាធិបតីចិន ដល់មូលដ្ឋានទ័ពអាកាស Joint Base Andrews ជាមួយការស្វាគមន៍យ៉ាងកក់ក្តៅ មានទាំងកម្រាលព្រំក្រហម និងក្បួនយន្តហោះយោធា ហោះលើមេឃផងដែរ ជាពិសេសយន្តហោះទម្លាក់គ្រាប់បែក​ B-1។

នេះមិនមែនជារឿងធម្មតាឡើយ! លោកត្រាំ និងភរិយា សុខចិត្តធ្វើខុសពិធីការ ទៅទទួលលោក ស៊ី ផ្ទា​ល់ដល់អាកាសយានដ្ឋាន ដែលជាទូទៅ មេដឹកនាំអាមេរិក តែងរង់ចាំទទួលភ្ញៀវនៅសេតវិមាន កម្រទៅដល់ព្រលានយន្តហោះ អ៊ីចឹងណាស់។

លោក ស៊ី និងលោក ត្រាំ 

ជុំវិញពិធីស្វាគមន៍យ៉ាងអធិកអធមមិនងាយនឹងឃើញនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថា គឺជាចេតនានយោបាយរបស់លោក ត្រាំ ក្នុងការរឹតចំណងមិត្តភាពជាមួយមេដឹកនាំចិន និងស្តាររូបភាព រវាងមហាអំណាចទាំងពីរ ឡើងវិញ។

បញ្ហាធំជាច្រើន នឹងត្រូវលើកឡើងក្នុងដំណើរទស្សនកិច្ចនេះ ខណៈមានសេចក្តីរាយការណ៍ថា លោក ស៊ី ​​នឹង​ជំរុញលោក ត្រាំ បញ្ឈប់ការលក់អាវុធទៅឱ្យកោះ​តៃវ៉ាន់ ស្រប​តាមសេចក្តីថ្លែងការណ៍​រួមឆ្នាំ១៩៨២ ដ្បិតអាមេរិក​បញ្ជាក់រួចហើយថា ខ្លួនមាន​បំណងកាត់បន្ថយការ​លក់អាវុធទៅឱ្យតៃវ៉ាន់ ​ជាបណ្តើរៗ ហើយមិន​មានបំណងលក់អាវុធរយៈ​ពេលវែង ទៅឱ្យទីក្រុង​តៃប៉ិ ក៏ដោយ។

លោក ស៊ី និងភរិយា បានទៅដល់សហរដ្ឋអាមេរិក 

ប្រទេស​ចិន តែងចាត់​ទុកបញ្ហាកោះតៃវ៉ាន់ ថា ជាបញ្ហាការ​ទូតដ៏​រសើប និងសំខាន់បំផុតរបស់​ខ្លួន ហើយ ​អំពាវនាវម្តងហើយម្តង​ទៀត ឱ្យបញ្ឈប់​ការលក់​អាវុធ​ដល់​ដែនកោះមួយ​នេះ​។

មិនត្រឹមប៉ុណ្ណឹង ជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិន ក៏នឹង​ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយផងដែរ ក្នុងដំណើរទស្សនកិច្ចនេះ។

លោក ស៊ី និងលោក ត្រាំ 

កាលពី ៤ខែមុន ចិនបាន​បង្កើនពាណិជ្ជកម្មជាមួយដៃគូទូទាំងពិភពលោក ទោះជាភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិកនៅតែមាន​ ខណៈលោក ត្រាំ ​កំពុងប្រឈមនឹងបញ្ហាជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសតម្លៃថាមពលហក់ឡើងខ្ពស់ និងសង្រ្គាមប្រឆាំងអ៊ីរ៉ង់។ ​

សូមជម្រាបថា នេះគឺជាជំនួបទល់មុខដោយផ្ទាល់ រវាងលោកស៊ី​ និងលោកត្រាំ ក្នុងឆ្នាំនេះ ក្រោយមេដឹកនាំទាំងពីរ ជួបគ្នានៅប្រទេសចិន កាលពីខែឧសភា៕

ព័ត៌មានទាក់ទង
×
Popup Banner