Detail Top Banner – Conway

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយរឹបអូសជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ៣នាក់​ បញ្ជូនទៅតុលាការ

(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ៣នាក់ និងរឹបអូសបានសារធាតុញៀនជិត ១គីឡូក្រាម រួមជាមួយវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងក្រោម​ការចង្អុល​បង្ហាញតម្រង់​ទិស​របស់​​នាយឧត្តមសេនីយ៍ សៅ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់​លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់​របស់​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​។

តាមរបាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១១:២៨នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស​ នៃបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ សហការ​ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ​ មូល​ដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បាន​ធ្វើការ​បើកប្រតិបត្តិការ ស្រាវជ្រាវ​ កំណត់ មុខសញ្ញា បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ភេទស្រី) ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មានឈ្មោះ ធី សុផាន់ណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ (ទម្ងន់១៤.៦៨ក្រាម) និងទូរស័ព្ទចំនួន០១គ្រឿង​ (ម៉ាកAI Camera ពណ៍ខៀវ)។

ក្រោម​បទបញ្ជា​យ៉ាង​មុឺង​ម៉ាត់​​​ និង​យកចិត្ត​ទុកដាក់​របស់​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន លុះដល់វេលាម៉ោង១១:៥២នាទីព្រឹក (ថ្ងៃខែឆ្នាំដដែល) កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បានបន្ត​ស្រាវជ្រាវ​ និងកំណត់មុខសញ្ញាទៅដល់ផ្ទះឈ្មោះ ឡុង បញ្ញា ដោយបានធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតបន្ថែមទៀត។ ដោយជនសង្ស័យមានឈ្មោះ ឡុង បញ្ញា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ស្រស់ រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ​ខាងលើ​។

ក្នុង​ប្រតិបត្តិ​ការ​នេះដែរ​ កម្លាំង​អាវុធហត្ថ​ដកហូតវត្ថុតាងរួមមាន៖​ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២១កញ្ចប់ (កញ្ចប់ធំចំនួន​ ០៨កញ្ចប់) ទម្ងន់៩២៨.៤៤ក្រាម, ម៉ូតូចំនួន០២គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង,​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក​​​ និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​​ និងបង្រ្កាបបទល្មើស​​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

 

ព័ត៌មានទាក់ទង
×
Popup Banner