(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច ស្ថានភាពគ្រោះទឹកជំនន់ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១០ក្នុងប្រទេសកម្ពុជា ដោយបង្កឱ្យមានការខូចខាតនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។
បើតាមអ្នកនាំពាក្យរូបនេះ គ្រោះធម្មជាតិនេះបានវាយប្រហារលើ ៥២ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
លោក បញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន ៤៤,៨៨៩គ្រួសារ បានរងផលប៉ះពាល់ (កើនឡើង ១៩,៣២៨គ្រួសារ) និងផ្ទះសម្បែងចំនួន ៤០,៣៨៤ខ្នងត្រូវបានប៉ះពាល់។ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣,៦៨៥ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។
ចំពោះផ្ទៃដីកសិកម្ម លោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៤៩,៩២៥ហិកតា ត្រូវបានទឹកលិច និងប៉ះពាល់។
ចំពោះវិធានការអន្តរាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ គ.ជ.គ.ម. បាននិងកំពុងបន្តចុះពិនិត្យ និងវាយតម្លៃស្ថានភាពផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញពីភាពម្ចាស់ការយ៉ាងសកម្មក្នុងការដោះស្រាយ និងបានបន្តជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលា។
យោងតាមការវាយតម្លៃរបស់ គ.ជ.គ.ម. ទោះបីជាចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់មានការកើនឡើងគួរឱ្យកត់សម្គាល់ (ភាគច្រើនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប) ក៏ដោយ ប៉ុន្តែកម្រិតទឹកទន្លេមេគង្គនៅតាមស្ថានីយសំខាន់ៗភាគច្រើន នៅតែស្ថិតក្រោមកម្រិតត្រូវប្រុងប្រយ័ត្ន និងកំពុងមាននិន្នាការស្រកចុះជាបណ្តើរៗហើយដែរ៕







