សង្គ្រាមរវាងក្រុមហ៊ូធី និងកងយោធារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងយ៉េមែន បានផ្ទុះកាន់តែខ្លាំ ខណៈក្រុមហ៊ូធី បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៣ ខែតុលា ថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco នៅទីក្រុងរីយ៉ាដ ដោយប្រើមីស៊ីលបាលីស្ទិក និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយេម៉ែន។
យោងទៅតាមទីភ្នាក់ងារ Anadolu អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានអះអាងក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ប្រតិបត្តិការនេះ «បានសម្រេចគោលដៅដោយជោគជ័យ» និងបង្កឱ្យមានអគ្គិភ័យនៅទីតាំងដែលត្រូវបានកំណត់គោលដៅ។

លោក Saree បានបន្ថែមថា រដ្ឋធានីសាណា និងខេត្តផ្សេងទៀតបានរងការវាយប្រហារតាមអាកាសចំនួន ៦០លើក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការវាយប្រហារមានចំនួនសរុបកើនដល់ ១ ៤២០លើក។ លោកបានចោទប្រកាន់ប្រទេស អារ៉ាប៊ីសាអូឌីត ជាដើមចងមនៃការវាយប្រហារទាំងនេះ។
អ្នកនាំពាក្យរូបនេះបានព្រមានថា ក្រុមហ៊ូធី នឹងឆ្លើយតបទៅនឹង «ការបិទខ្ទប់ដោយការបិទខ្ទប់ និងការបង្កើនភាពតានតឹងដោយការបង្កើនភាពតានតឹង»។
ជាមួយគ្នានេះ លោក Turki al-Maliki អ្នកនាំពាក្យកងយោសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន បាននិយាយថា ការអះអាងរបស់ក្រុមហ៊ូធី អំពីការវាយប្រហារលើទីក្រុងរីយ៉ាដកាលពីថ្ងៃសៅរ៍ គឺជា «ការបំភាន់»។ នេះបើយោងទៅតាមសារព័ត៌មានអារ៉ាប៊ីសាអូឌីត។
លោកបានបន្ថែមថា ក្រុមហ៊ូធី កំពុងព្យាយាម «បង្វែរការចាប់អារម្មណ៍ពីទំហំនៃការខាតបង់របស់ខ្លួន និងការកើនឡើងនៃកំហឹងរបស់សាធារណជនចំពោះសកម្មភាពរបស់ក្រុមជីវពល និងទំនាក់ទំនងរបស់ពួកគេជាមួយបរទេស ដែលបាននាំមកនូវភាពចលាចល និងការបំផ្លិចបំផ្លាញដល់ប្រទេសយេម៉ែន»។
សូមបញ្ជាក់ថា ការប្រកាសរបស់ក្រុមហ៊ូធី ត្រូវបានធ្វើឡើង ក្រោយពីកងទ័ពយេម៉ែន ប្រកាសថា ត្រឹម២៤ម៉ោងប៉ុណ្ណោះ ពួកគេបានបើកការវាយប្រហារដល់ទៅ ៤៧៤លើក បណ្តាលឱ្យសកម្មប្រយុទ្ធហ៊ូធី ១ ៥៤០នាក់ ស្លាប់និងរបួស។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត កំពុងរៀបចំផែនការវាយលុកទ្រង់ទ្រាយធំមួយ ប្រឆាំងនឹងក្រុមហ៊ូធី ដែលគាំទ្រដោយអុីរ៉ង់នៅប្រទេសយេម៉ែន ដោយប្រើប្រាសកម្លាំងច្រើនជាង១០០,០០០ នាក់។
ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ មក អារ៉ាប៊ីសាអូឌីតបានដឹកនាំក្រុមចម្រុះយោធាមួយ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងហ៊ូធី។ ក្រុមហ៊ូធីបានគ្រប់គ្រងរដ្ឋធានីសាណា និងខេត្តមួយចំនួនទៀតរបស់យេម៉ែន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ មកម្ល៉េះ៕
ប្រភព៖ Anadolu


