ទីបំផុតរុស្ស៊ី បានឆ្លើយតបទៅអ៊ុយក្រែនវិញហើយ ដោយបើកការវាយប្រហារ ទៅលើរថយន្តក្រុងដឹកអ្នកដំណើរចំនួន ២គ្រឿង សម្លាប់មនុស្សយ៉ាងតិច ៣០នាក់ នៅក្នុងទីក្រុងសមរភូមិមុខ Kramatorsk ភាគខាងកើត ប្រទេសអ៊ុយក្រែន។

តាមការផ្សាយរបស់ BBC, ការវាយប្រហារនេះ កើតឡើងនាវេលាម៉ោងប្រមាណ ១០:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ ២០២៦ (ពេលវេលានៅអ៊ុយក្រែន) ដោយគ្រាប់បែក (Glide Bomb) បានបុកបំផ្ទុះចំណតរថយន្តក្រុង និងរថយន្តក្រុងធុនតូច ពីរគ្រឿង ដែលកំពុងរត់នៅលើផ្លូវ Yuvileina។
ក្រៅពីមនុស្សស្លាប់, មន្ត្រីសង្គ្រោះ និងអាជ្ញាធរតំបន់ក៏បញ្ជាក់ពី អ្នករបួស ១៨នាក់ផងដែរ ហើយព្រមានថា តួលេខមនុស្សស្លាប់ អាចកើនឡើងបន្ថែមទៀត។

បន្ទាប់ពីការវាយប្រហារនេះ អាជ្ញាធរ បានបញ្ជាឱ្យផ្អាកសេវាដឹកជញ្ជូនសាធារណៈទាំងអស់ នៅក្នុងក្រុង Kramatorsk និង Slovyansk ដែលនៅជិតនោះ ដោយព្រមានប្រជាពលរដ្ឋ ឱ្យប្រញាប់ជម្លៀសខ្លួនចេញពីខ្សែត្រៀមជួរមុខ ជាបន្ទាន់។
ជុំវិញការវាយប្រហាររនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមុខថ្កោលទោសនៅលើបណ្តាញ Telegram ដោយប្រកាសថា ទីក្រុងកៀវ នឹងសងសឹកវិញ មិននៅស្ងៀមឡើយចំពោះទង្វើដ៏សាហាវនេះ។

សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាការសងសឹក ក្រោយអ៊ុយក្រែន បើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសរុស្ស៊ី ដោយបញ្ជូនដ្រូន ៩០០គ្រឿង ហោះបំបុកនិងបំផ្ទុះក្នុងតំបន់ជាច្រើន ហើយសូម្បីលោក ហ្សេលេនស្គី ក៏ដឹងច្បាស់ដែរថា លោក វ្ល៉ាឌីមៀរ ពូទីន នឹងតបតវិញ ជាក់ជាមិនខាន។
នៅយប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ដ្រូនអ៊ុយក្រែន បានវាយប្រហារសូម្បីតែក្នុងឧបទ្វីប Crimea និងសមុទ្រ Azov ខណៈមានសេចក្តីរាយការណ៍ថា ដ្រូន បានបាញ់ឆេះកន្លែងស្តុកប្រេងដ៏ធំមួយ នៅក្នុងតំបន់មូស្គូ បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមនុស្ស ២នាក់ បាត់បង់ជីវិត។
សូមជម្រាបជាថ្មី! ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូន លើរុស្ស៊ីខ្លាំងណាស់ នោះក៏ព្រោះតែ ទីក្រុងកៀវ មានសមត្ថភាព អភិវឌ្ឍដ្រូនរយៈចម្ងាយឆ្ងាយ និងផលិតបានក្នុងចំនួន យ៉ាងក្រាស់ក្រែល៕


