តុលាការភាគខាងកើតប្រទេសចិន បានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជនចំនួន ៣នាក់ ពីបទដំណើរការបណ្តាញមជ្ឈមណ្ឌលឆបោក នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ តុលាការប្រជាជនកម្រិតមធ្យម Quanzhou ដែលជាតុលាការជាន់ខ្ពស់មួយក្នុងខេត្ត Fujian ភាគអាគ្នេយ៍ បានឱ្យដឹងថា ខ្លួនបានសម្រេចបានកាត់ទោសប្រហារជីវិត លោក Wei Huairen លោក Chen Dawei និង លោក Liao Jingfang ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងក្រុមឧក្រិដ្ឋជនត្រកូល Wei។
ក្រុមឧក្រិដ្ឋជននេះបានពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមានការជួញដូរគ្រឿងញៀន ការរៀបចំប្រព័ន្ធពេស្យាចារ ការដំណើរការកាស៊ីណូខុសច្បាប់ ការឆបោកតាមរយៈប្រព័ន្ធទូរគមនាគមន៍ និងការសម្លាប់ជនជាតិចិនយ៉ាងតិច ២នាក់។
តុលាការបានបញ្ជាក់ថា លោក Wei គឺជាមេខ្លោងម្នាក់របស់ក្រុមនេះ ហើយត្រូវបានរកឃើញថា មានទោសលើបទល្មើសជាច្រើន រួមទាំងបទឃាតកម្មផងដែរ។
គួរបញ្ជាក់ថា សមាជិកចំនួន ៣នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈសមាជិក ៥៥នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងរយៈពេលចាប់ពី ៣ឆ្នាំ និង ៣ខែ រហូតដល់ ២៤ឆ្នាំ។ តុលាការបានឱ្យដឹងថា សកម្មភាពរបស់ក្រុមឧក្រិដ្ឋជននេះបានរកប្រាក់ចំណូលបានជាង ១.៨ប៊ីលានដុល្លារអាមេរិក។

កាលពីថ្ងៃអង្គារ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមនេះបានដំណើរការទីតាំងធំៗចំនួន ១៤កន្លែង និងល្បួងជនជាតិចិនរាប់ពាន់នាក់ឱ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់។
សាលក្រមនេះបានចេញមក ចំពេលទីក្រុងប៉េកាំង បង្កើនការបង្ក្រាបលើបណ្តាញបោកប្រាស់ឆ្លងដែន ដែលកំពុងប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលទីតាំងបោកប្រាស់ក្នុងតំបន់នេះ បានក្លាយទៅជាអាជីវកម្មក្នុងទំហំលដ៏ធំ។
កាលពីខែកក្កដា អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) ព្រមានថា មជ្ឈមណ្ឌលបោកប្រាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍មានបុគ្គលិកបម្រើការងាររហូតដល់ទៅ ៣០០ ០០០នាក់ និងប្រើប្រាស់ល្បិចកលតាមអ៊ីនធឺណិត ដើម្បីបោកប្រាស់ប្រជាជននៅបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានមនុស្សចាស់ជាច្រើន៕
ប្រភព៖ AFP


