(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាង ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។
ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជា សុខាន់ ហៅ ពៅ អាយុ១៨ឆ្នាំ (ជួញដូរ) និងឈ្មោះ អ៊ី ថានិត អាយុ២៥ឆ្នាំ (ជួញដូរ និងប្រើប្រាស់)។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៣ថង់កិប ទម្ងន់ ២១,៦៥ក្រាម ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿង។ ក្រោយការសួរនាំ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ និងប្រើប្រាស់ដោយខ្លួនឯងពិតប្រាកដមែន។
ការបង្ក្រាបនេះ ក៏ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕









