មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fox News ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយក្រុមការងារសន្តិសុខជាតិរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ដើម្បីពិចារណាថា តើគួរចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា។
មន្ត្រីទាំងនោះបានឱ្យដឹងថា មានកិច្ចប្រជុំមួយចំនួនបានធ្វើឡើង នៅសេតវិមានកាលពីថ្ងៃពុធ ទី៤ និងព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា។ ការប្រជុំបន្ទាន់នេះ កើតឡើង ស្របពេលដែលនៅថ្ងៃទី៩ ខែវិច្ឆិកា នឹងមានព្រឹត្តិការណ៍ខែរលត់ (ព្រះចន្ទថ្មី) នៅតំបន់មជ្ឈិមបូព៌ា ដែលមានន័យថា ពន្លឺព្រះចន្ទ នឹងមានតិចតួចបំផុត ឬគ្មានពន្លឺតែម្តង ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការយោធា។

លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ថា៖ «ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការសម្រេចចិត្តមួយ ជុំវិញការបន្តសង្គ្រាមឡើងវិញ ឬអត់។ តើយើងចង់បន្តទៅមុខទៀតដែរឬទេ? តាមរយៈការវាយប្រហារនានា ដើម្បីធានាថា កម្មវិធីនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ ត្រូវបានបញ្ចប់ទាំងស្រុង ហើយ វានឹងមិនកើតឡើងជាថ្មីទៀត។ ប្រសិនបើអាចធ្វើទៅបាន ខ្ញុំមិនចង់បំផ្លាញផ្នែកដែលនៅសល់ទេ ប៉ុន្តែប្រហែលជាខ្ញុំចាំបាច់ត្រូវធ្វើ។ អ្នកទាំងអស់គ្នា នឹងបានដឹងក្នុងពេលឆាប់ៗនេះ»។
យោងតាមសេចក្តីរាយការណ៍មួយ ដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនរួចរាល់សម្រាប់ការបន្តប្រតិបត្តិការធំៗឡើងវិញ នៅប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនទាន់ទទួលបានការណែនាំថ្មីណាមួយពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Faleh Al-Zaidi ក៏បានប្រាប់ លោក ត្រាំ អំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា ទឹកដីអ៊ីរ៉ាក់ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដើម្បីធ្វើការវាយប្រហារទៅលើប្រទេសជិតខាងឡើយ។

ការិយាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់អ៊ីរ៉ាក់ ដែលអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពរបស់រដ្ឋនានា និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋាន សម្រាប់ការឈ្លានពានប្រឆាំងនឹងប្រទេសជិតខាងឡើយ»៕


