ជនជាតិថៃ ២នាក់ ដែលប្រមាថមើលងាយ កម្ពុជា ពេលនេះ សុទ្ធតែជាប់ក្នុងរឿងក្តី និងការស៊ើបអង្កេត ករណីលុយមូលនិធិ
រឿងក្តីរបស់នាង ប៊ូម ប៉ាណាត់ដា ដែលជាអតីតបវរកញ្ញា និងធ្លាប់មានតួនាទីជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងបាងកក ផងនោះ កំពុងផ្ទុះកក្រើកពេញប្រទេសថៃ។

នាងបានបោកប្រាស់គេឱ្យបរិច្ចាគលុយ ដើម្បីយកទៅជួយជនរងគ្រោះនានា ជាពិសេសជនរងគ្រោះដោយទឹកជំនន់ ប៉ុន្តែអ្វីៗគឺជាការភូតកុហកប៉ុណ្ណោះ។ មូលនិធិ Do Good របស់នាង ប្រមូលបានលុយបរិច្ចាគប្រមាណ ៣០លានដុល្លារអាមេរិក តាំងពីឆ្នាំ២០១៩ មក ប៉ុន្តែលុយមួយចំនួនក្នុងនោះ បែរជាត្រូវបាននាង យកទៅដើរស៊ីចាយហ៊ឺហាជាមួយគូស្នេហ៍ ទិញទំនិញម៉ាកប្រ៊េនៗ ផ្ទះវីឡា និងរថយន្តប្រណីតទៅវិញ។
ធ្លាប់តែសើចសប្បាយ សោយសុខលើគំនរមាសប្រាក់ ប៉ុន្តែពេលនេះ នាងត្រូវឈរសម្រក់ទឹកភ្នែក លើកដៃសំពះសុំទោសមនុស្សគ្រប់គ្នា ជាមួយនឹងទឹកមុខក្រៀមក្រំ ស្លេកស្លាំង។
ប៊ូម ប៉ាណាត់ដា! ជាបុគ្គលម្នាក់ ដែលធ្លាប់ប្រមាថ និងចំអកប្រទេសកម្ពុជា ខ្លាំងណាស់ អំឡុងពេលប្រទេសថៃ បើកសង្គ្រាមឈ្លានពានលើកម្ពុជា កាលពីឆ្នាំ២០២៥។

នាងតែងពោលពាក្យភូតកុហក និងបំភ្លៃការពិត អំពីបញ្ហាព្រំដែន ដើម្បីតែបម្រើមហិច្ឆតាលោភលន់សង្គ្រាម របស់ក្រុមជ្រុលនិយមថៃ។ មិនត្រឹមប៉ុណ្ណឹង នាងថែមទាំងធ្វើសកម្មភាព និងបញ្ចេញកាយវិការ បែបចំអកឡកឡឺយ ដាក់កម្ពុជាទៀតផង ដើម្បីទាញប្រជាប្រិយភាពពីប្រជាជនថៃមួយចំនួន ដែលឆ្កួតវង្វេង ស្រេកឃ្លានសង្គ្រាម ហើយចោទប្រកាន់ទាំងទទឹងទិស អំពីបញ្ហា Scam។
ឥឡូវ ប៊ូម បែរជាត្រូវប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរ ចំនួន ៣ ករណី ដូចជា៖ បទឆបោកជាសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសបច្ចេកវិទ្យា ទៅវិញ ហើយបើតុលាការកាត់ទោស លើបទចោទប្រកាន់ទាំង៣ នេះ នាងប៊ូម អាចប្រឈម ជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ។
យ៉ាងណា មិនមែនតែនាងប៊ូម ទេ បុគ្គលម្នាក់ទៀត ដែលមើលងាយជាន់ឈ្លី កម្ពុជាខ្លាំងណាស់ដែរនោះ គឺ កាន់ចមផ្លាំង ក៏កំពុងជាប់សង្ស័យក្នុងរឿងក្តីពុករលួយផងដែរ ខណៈប៉ូលិសថៃ បើកការស៊ើបអង្កេត។

មេធាវីល្បីឈ្មោះ Sittra Biabungkerd បានដាក់ព័ស្តុតាងទៅនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) រួចហើយ ដោយចោទប្រកាន់ថា មូលនិធិរបស់ កាន់ចមផ្លាំង មានការដកប្រាក់មិនប្រក្រតីនៅពេលយប់ និងយកលុយបរិច្ចាគទៅទិញដី ទិញរថយន្តប្រណីត ក៏ដូចជាទិញសម្ភារៈក្នុងតម្លៃខ្ពស់ជាងទីផ្សារឆ្ងាយ ដូចជាអាវក្រោះការពារគ្រាប់ ជាដើម។
ជុំវិញករណីនេះ បើតាមការផ្សាយរបស់ Thai PBS អាជ្ញាធរកំពុងពិនិត្យមើលគណនីធនាគារជាង ១០ ដែលពាក់ព័ន្ធនឹងមូលនិធិ កាន់ចមផ្លាំង ដើម្បីផ្ទៀងផ្ទាត់ថាតើ មានការលាងលុយកខ្វក់ ឬប្រើប្រាស់លុយខុសគោលដៅដែរឬទេ ហើយសូម្បីតែពិធីករល្បីឈ្មោះ Num Kanchai ក៏ត្រូវបានកោះហៅឱ្យចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ករណីដែលលោកធ្លាប់បរិច្ចាគប្រាក់ ១.៥ លានបាត ទៅកាន់មូលនិធិនេះផងដែរ។
មិនត្រឹមប៉ុណ្ណឹង សកម្មជននយោបាយថៃ Sonthiya Sawasdee ក៏ដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) និងក្រសួងមហាផ្ទៃថៃផងដែរ ឱ្យពិនិត្យលើប្រភពចំណូលពីកូតាសំបុត្រឆ្នោតរដ្ឋាភិបាលចំនួន ២០០ ០០០ សន្លឹក និងគម្រោងដំឡើងទូកុងតឺន័រព្រំដែនថៃ-កម្ពុជា ដែលចំណាយថវិការហូតដល់ ២០០ លានបាត៕


