ក្រុមផ្តាច់ខ្លួនភាគខាងត្បូង បានបើកការសងសឹកវិញហើយ ក្រោយសមាជិកខ្លួន ១នាក់ ត្រូវទាហានថៃបាញ់សម្លាប់ ដោយពួកគេបានវាយប្រហារបណ្តាក់គ្នា នៅ៣ ទីតាំងផ្សេងគ្នាក្នុងខេត្ត Yala មានទាំងបំផ្ទុះគ្រាប់បែក បាញ់រះ ដុតយានយន្ត និងចាប់ចងកងកម្លាំងសន្តិសុខ។

តាមការផ្សាយរបស់ Amarin TV, ក្រុមផ្តាច់ខ្លួន បានចាប់ផ្តើមធ្វើសកម្មភាព នាវេលាម៉ោង ៩:១៥ នាទី យប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងស្រុក Mueang Yala និង Bannang Sata។
ការវាយប្រហារទីមួយ កើតឡើងក្នុងស្រុក Mueang Yala ដោយសកម្មប្រយុទ្ធ បំផ្ទុះគ្រាប់បែកនៅការិយាល័យ អង្គការរដ្ឋបាលឃុំ Yala (SAO) រួចចាប់ចងមនុស្ស ៥នាក់ ក្នុងនោះមានសន្តិសុខ ៤នាក់ និងបុគ្គលិកសង្គ្រោះ ១នាក់ ហើយក្រោយមក ក៏ចាក់សាំងដុត រថយន្ត ៤គ្រឿង និងបាញ់រះ ថែមទៀត។

ការវាយប្រហារទីពីរ កើតឡើងក្នុងស្រុក Mueang Yala ប៉ុន្តែក្នុងឃុំ Tha Saap ដោយក្រុមមនុស្ស បាននាំគ្នាដុតសម្បកកង់រថយន្តតាមផ្លូវ និងដុតបង្គោលអង់តែនទូរស័ព្ទ បង្កជាចលាចល ខណៈហេតុការណ៍ទីបី កើតឡើងក្នុងស្រុក Bannang Sata ដោយមានការវាយប្រហារ នៅមុខអង្គការរដ្ឋបាលឃុំ Tanoh Puteh។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍ អំពីមនុស្សបាត់បង់ជីវិតទេ ក្នុងការវាយប្រហារខាងលើ ខណៈអ្នកទាំង៥ ដែលគេចាប់ចង ត្រូវបញ្ជាក់ថា មានសុវត្ថិភាព។

នេះគឺជាការសងសឹក ក្រោយសមាជិក ខ្លួន ១នាក់ ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធយ៉ាងសាហាវជាមួយកងកម្លាំងថៃ នៅយុទ្ធភូមិភាគ៤ កាលពីថ្ងៃចន្ទ។
តាមការផ្សាយរបស់ Khaosod, ការផ្ទុះអាវុធដាក់គ្នានេះ គឺដោយសារតែកងកម្លាំងថៃ បើកប្រតិបត្តិការពិសេសមួយ តាំងពីថ្ងៃសៅរ៍មក ដើម្បីតាមប្រមាញ់ និងកម្ចាត់សកម្មប្រយុទ្ធផ្តាច់ខ្លួនភាគខាងត្បូង។

សមរភូមិប្រយុទ្ធ បានផ្ទុះកក្រើកក្នុងស្រុក Than To បន្ទាប់ពីទាហានថៃ រកឃើញថា ក្រុមបះបោរ បានសំងំលាក់ខ្លួននៅតំបន់ជួរភ្នំ Saji ក្នុងឃុំ Mae Wat រួចក៏បើកប្រតិបត្តិការតែម្តង បណ្តាលឱ្យមានការបាញ់តដៃគ្នា។
នៅកន្លែងកើតហេតុ អាជ្ញាធរ ក៏ដកហូតកាំភ្លើងស្វ័យប្រវត្តិ M16 ចំនួន ១ដើម, កាំភ្លើងខ្លី ១ដើម និងសម្ភារបោះជំរំក្នុងព្រៃ មួយចំនួនផងដែរ៕


