Detail Top Banner – Conway

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានចាប់ផ្តើមបើកជាផ្លូវការ​ហើយ​។ ពិធីបើកកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយបារាំង ដែលជាការរៀបចំឡើងលើកដំបូង​នៅ​កម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់​ព្រះ​ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​។ ពិធីបើកកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិអូស៊ីអាយស៊ី។

ខាងក្រោមជាព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះ​ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៖

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះរាជសុន្ទរកថាបើក ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រាជធានីភ្នំពេញ
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦

ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!
លោកជំទាវ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាទីគោរព!
ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ ជាទីគោរព! ភ្ញៀវកិត្តិយសទាំងអស់ ជាទីគោរព!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីមេត្រី!

សូមស្វាគមន៍! សូមស្វាគមន៍យ៉ាងកក់ក្ដៅដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា!

ជាក្តីរីករាយយ៉ាងជ្រាលជ្រៅ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំ កំពូលលើកទី២០ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅអស់ពីដួងចិត្តចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីគ្រប់រូប ដែលឯកឧត្តម លោកជំទាវមួយចំនួនបានដំណើរមកពីទីកន្លែងដ៏ឆ្ងាយដើម្បីចូលរួមកិច្ចប្រជុំនេះ។

ខ្ញុំសូមថ្លែងអំណរគុណដល់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានប្រគល់សេចក្ដីទំនុកចិត្តជូនព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលនេះ។

ខ្ញុំក៏សូមអរគុណចំពោះ លោកជំទាវអគ្គលេខាធិការ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ដែលតាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់ និងភាពអត់ធ្មត់ បានធ្វើឱ្យជំនួបដ៏មានសារៈសំខាន់នេះអាចប្រព្រឹត្តទៅបាននាពេលនេះ។

ខ្ញុំក៏សូមអបអរសាទរផងដែរចំពោះប្រទេសបារាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកមុននៅទីក្រុងវីឡរកូតឺរ៉េ (Villers-Cotterêts) និងទីក្រុងប៉ារីស ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាជនកម្ពុជាបានទន្ទឹងរង់ចាំការអញ្ជើញមកដល់របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដោយក្តីរីករាយជាខ្លាំង។

នៅថ្ងៃនេះប្រជាជនកម្ពុជា លើកដៃទទួលស្វាគមន៍អ្នកទាំងអស់គ្នា ដោយភាពសាមញ្ញ និងភាពកក់ក្ដៅអស់ពីដួងចិត្ត។

សូមឱ្យកិច្ចប្រជុំនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងដែលកំពុងរៀបចំជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា នេះក្លាយជាការជួបប្រសព្វគ្នារវាងភាសាមួយដែលមាន នៅគ្រប់ទីកន្លែងនៅលើពិភពលោក ជាមួយនឹងប្រជាជាតិមួយដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន ប៉ុន្ដែមិនដែលបោះបង់ចោលវប្បធម៌ ជំនឿសាសនា និងតម្លៃដ៏វិសេសវិសាលដែលខ្លួនស្រឡាញ់បំផុតឡើយ។

នៅក្នុងស្នូលនៃតម្លៃទាំងនេះរួមមានសេចក្តីមេត្តាករុណា ការគោរពចំពោះអ្នកដទៃ និងការអត់ឱន។
តម្លៃទាំងនេះអនុញ្ញាតយើងឱ្យស្វែងរក បាននូវភាពសុខដុមរមនារវាងមនុស្សទាំងអស់។

ខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូមកពីគ្រប់តំបន់ទាំងអស់នៃគ្រួសារដ៏ធំរបស់យើង ចាប់ពីទ្វីបអឺរ៉ុបរហូតដល់ទ្វីបអាមេរិកនិងតំបន់ការ៉ាអ៉ីប ពីមជ្ឈិមបូព៌ា រហូតដល់មហាសមុទ្រឥណ្ឌា និងពីទ្វីបអាស៊ីរហូតដល់តំបន់ប៉ាស៊ីហ្វិក។

ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ ជាពិសេសចំពោះគណៈប្រតិភូមកពីទ្វីបអាហ្វ្រិក ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការបន្ថែមភាពរស់រវើក និងថាមពលវ័យក្មេងដល់ហ្វ្រង់កូហ្វូនី។ អនាគតមួយភាគធំនៃហ្វ្រង់កូហ្វូនីនេះ កំពុងតែរីកចម្រើនខ្លាំងនៅលើ ទ្វីបអាហ្វ្រិកទាំងមូល។

សូមអនុញ្ញាតឱ្យខ្ញុំប្រើប្រាស់ពេលបន្តិចដើម្បីរំឭកនូវស្មារតីចងចាំមួយចំនួន។ ស្ថាប័នហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅលើទឹកដីអាហ្វ្រិក ក្នុងទីក្រុងនីអាមេ (Niamey) នាឆ្នាំ១៩៧០។ ការចាប់កំណើតនេះកើតចេញពីឥស្សរជនដ៏ឆ្នើមចំនួនបួនរូប គឺ លោក លេអូប៉ូល សេដារ សេងហ្គ័រ (Léopold Sédar Senghor) នៃប្រទេសសេណេហ្គាល់ លោក ហាប៊ីប បួរគីបា (Habib Bourguiba) នៃប្រទេសទុយនីស៊ី លោក ហាម៉ានី ឌីអូវី (Haman Diori) នៃប្រទេសនីហ្សេ និងព្រះបិតាដ៏ឧត្ដុង្គឧត្តមរបស់ខ្ញុំ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កាលពីបង្កើតដំបូង ស្ថាប័នហ្វ្រង់កូហ្វូនី បានបង្កប់នូវមហិច្ឆតាមួយដែលលាតសន្ធឹងហួសពីព្រំដែននៃទ្វីបនានា។

ព្រះបិតារបស់ខ្ញុំ ទ្រង់មានព្រះរាជជំនឿថា ភាសាបារាំងដែលប្រើរួមគ្នានេះ អាចក្លាយជាមរតករួមមួយហើយដែលមនុស្សម្នាក់ៗជ្រើសរើសដោយសេរី។ ពីព្រោះភាសាមួយនេះមិនដែលធ្វើដំណើរតែម្នាក់ឯងឡើយ។ គំនិតសេចក្តីប្រាថ្នា និងតម្លៃរបស់អ្នកនិយាយភាសានេះ ក៏ធ្វើដំណើរទៅជាមួយភាសានេះដែរ។ ព្រះបិតារបស់ ទ្រង់ប្រាថ្នាឱ្យភាសានេះក្លាយជាមធ្យោបាយមួយសម្រាប់ លើកតម្កើងសេចក្ដីថ្លៃថ្នូររបស់ប្រជាជាតិទាំងអស់ និងការផ្តល់អាទិភាពដល់ការសន្ទនាជាជាងការប្រើកម្លាំង ព្រមទាំងការគោរពចំពោះភាពចម្រុះ។

នៅកម្ពុជា ភាសាបារាំងមានវត្តមានតាំងពីសម័យអាណាព្យាបាល។ ព្រះបិតារបស់ខ្ញុំ ទ្រង់បានប្រែក្លាយមរតកនេះឱ្យទៅជាជម្រើសអធិបតេយ្យមួយ និងតម្រង់ទិសឆ្ពោះទៅអនាគត។ ដោយសារព្រះអង្គ ទើបទ្វីបអាស៊ីបានចូលរួមចំណែកក្នុងការកសាងហ្វ្រង់កូហ្វូនី តាំងពីដំណាក់កាលដំបូងបំផុតនៃការចាប់កំណើតរបស់ អង្គការនេះម៉្លេះ។

ព្រះបិតាខ្ញុំ របស់ទ្រង់បានប្រកាន់ខ្ជាប់នូវជំនឿលើការសន្ទនាតាំងពីយូរមកហើយ។ នៅឆ្នាំ១៩៥៥ ក្នុងសន្និសីទបានឌុង (Bandung) រួមជាមួយប្រជាជននៃទ្វីបអាស៊ី និងអាហ្វ្រិក ព្រះអង្គបានបន្លឺសំឡេង តំណាងឱ្យកម្ពុជាអព្យាក្រឹតមួយ ដែលប្តេជ្ញាចិត្តចំពោះឯករាជ្យភាពរបស់ខ្លួន និងមានឆន្ទៈមុតមាំក្នុងការរក្សាសិទ្ធិ សម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯង។ នៅឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញនេះផ្ទាល់ ព្រះអង្គបាន ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ដឺហ្គោល (de Gaulle)។
អ្នកទាំងពីរបានបញ្ជាក់រួមគ្នាអំពីសិទ្ធិរបស់ ប្រជាជនអាស៊ី ក្នុងការកំណត់អនាគតរបស់ខ្លួនដោយសេរី។

ដូច្នេះកិច្ចប្រជុំកំពូលរបស់យើងបានបើកឡើងក្នុងឱកាសគម្រប់៦០ឆ្នាំ បន្ទាប់ពីសំឡេងរបស់ លោកឧត្តមសេនីយ៍ ដឺហ្គោល បានបន្លឺឡើងនៅក្នុងពហុកីឡដ្ឋាននៃរាជធានីភ្នំពេញរបស់យើង។

ចាប់តាំងពីពេលនោះមក កម្ពុជាបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងដំណើរដ៏វែងឆ្ងាយនៃការ កសាងប្រទេសឡើងវិញ។ ប្រជាជនរបស់យើងបានយល់ច្បាស់ថា សន្តិភាពមានតម្លៃថ្លៃថ្លាប៉ុណ្ណា ហើយការរក្សាសន្តិភាពទាមទារឱ្យមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់កម្រិតណា។ យើងមានបំណងបន្សល់ទុក សន្តិភាពដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

ហ្វ្រង់កូហ្វូនី ដែលព្រះបិតារបស់ខ្ញុំចង់បាន គឺហ្វ្រង់កូហ្វូនីដែលបង្រួបបង្រួមប្រជាជាតិនានាតាមរយៈ ភាសារួមមួយ ដោយមិនតម្រូវឱ្យប្រជាជាតិណាមួយបោះបង់ អត្តសញ្ញាណរបស់ខ្លួនឡើយ។ កម្ពុជាគឺជា សក្ខីភាពនៃឧត្តមគតិនេះ។ យើងខ្ញុំជាខ្មែរយ៉ាងពេញលេញ ជាអាស៊ីយ៉ាងពេញលេញ ហើយក៏ជាហ្វ្រង់កូហ្វូនី យ៉ាងពេញលេញដែរ។

ប្រជាជនរបស់យើងក៏ដឹងច្បាស់ដែរ អំពីអ្វីដែលត្រូវធ្វើដើម្បីថែរក្សាវប្បធម៌របស់ខ្លួន។ នៅក្នុងគ្រាដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្ររបស់កម្ពុជា បណ្ណាល័យត្រូវបានបំផ្លាញ ប្រាសាទបុរាណទីសក្ការៈត្រូវបាន គាស់កកាយ ហើយសិល្បករ និងគ្រូសិល្បៈដ៏ចំណានជាច្រើនបានបាត់បង់ជីវិត។

នាដករ តន្ត្រីករ និងសិប្បករដែលបានរួចរស់ជីវិត បានបន្តចងចាំ និងខិតខំបន្តផ្ទេរចំណេះដឹងទាំងឡាយ ដែលរបបខ្មៅងងឹតបានព្យាយាមលុបបំបាត់។ ទោះបីស្ថិតក្នុងភាពខ្វះខាតយ៉ាងខ្លាំងក៏ដោយ ពួកគេបានចាប់ ផ្តើមបង្រៀនឡើងវិញ និងបណ្ដុះបណ្តាលមនុស្សជំនាន់ថ្មី។ បន្តិចម្តងៗ សាលារៀននានាបានចាប់ផ្តើម រស់រវើកឡើងវិញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបានឃើញការរស់ឡើងវិញនេះដោយផ្ទាល់។

វប្បធម៌ក៏មានន័យដូចនេះឯង ។ វប្បធម៌គឺជាអ្វីដែលប្រជាជាតិមួយរក្សាទុកនៅក្នុងជម្រៅដួងចិត្ត របស់ខ្លួន នៅពេលអ្វីៗហាក់ដូចជាបាត់បង់អស់ទៅហើយ ហើយវប្បធម៌ក៏ជាកម្លាំងដែលជួយឱ្យប្រជាជាតិ នោះមានលទ្ធភាពងើបឈរឡើងវិញផងដែរ។ ក្នុងកាលៈទេសៈដែលកម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកនេះ មានមិត្តភក្តិជាច្រើនបាននៅជាមួយយើងខ្ញុំ និងបានផ្ដល់ការគាំទ្រដល់យើងខ្ញុំ។ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះមិត្តភក្តិទាំងអស់។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលអ្នកស្រាវជ្រាវ និងអ្នកអភិរក្សរបស់បារាំង បានចូលរួមចំណែកអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ក្នុងការសិក្សាស្រាវជ្រាវ និងការអភិរក្សអង្គរ។

នៅជុំវិញយើង ពិភពលោកកំពុងប្រឈមមុខនឹងវិញ្ញាសារដ៏ធ្ងន់ធ្ងរ។ សង្គ្រាមថ្មីៗកំពុងផ្ទុះឡើង ហើយជម្លោះចាស់ៗក៏កំពុងឆាបឆេះឡើងវិញ។ទីក្រុងនានាត្រូវបានបំផ្លិចបំផ្លាញ គ្រួសារត្រូវបានបង្ខំឱ្យចាកចេញ ពីលំនៅឋាន ហើយស្ថានភាពកុមារកំពុងប៉ះពាល់។ អាកាសធាតុកំពុងប្រែប្រួលកាន់តែខ្លាំង និងកាន់ត មិនអាចព្យាករណ៍បាន ដោយអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺអ្នកដែលបានរួមចំណែកតិចតួចបំផុត ក្នុងការបង្កឱ្យមានការប្រែប្រួលនេះ។

ការបញ្ចេញមតិសាធារណៈកំពុងជួបបញ្ហាដោយជារឿយៗ សេចក្តីភ័យខ្លាច បានរារាំងបំណងបង្ហាញហេតុផល ភាពស្អប់ខ្ពើមបិទផ្លូវកិច្ចសន្ទនា រីឯការភូតកុហកធ្វើឱ្យទំនុកចិត្តធ្លាក់ចុះ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានជ្រើសរើសដាក់កិច្ចប្រជុំកំពូលនេះក្រោមប្រធានបទ នៃការប្តេជ្ញាចិត្តដ៏សំខាន់មួយ គឺការរួមគ្នាបន្តកសាងសន្តិភាព។
កម្ពុជាដឹងច្បាស់អំពីតម្លៃដែលត្រូវខាតបង់ នៅពេលបាត់បង់សន្តិភាព និងដឹងថាផ្លូវឆ្ពោះទៅរកការកសាងសន្តិភាពឡើងវិញមានរយៈពេលយូរប៉ុណ្ណា។
ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយ ប្រសិនបើគ្មានសន្តិភាព។ សម្រាប់យើង ការរួមគ្នាបន្តកសាងសន្តិភាព មានន័យថា ការផ្តល់ជូនមនុស្សជំនាន់ក្រោយនូវអ្វីដែលប្រជាជន របស់យើងបច្ចុប្បន្នពុំមានយូរមកហើយ។ ដែលនោះគឺជាអត្ថន័យនៃការរស់ឡើងវិញរបស់ជាតិយើង។

ខ្ញុំសង្ឃឹមថា សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ សេចក្ដីសម្រេច និងសេចក្តីអំពាវនាវដែលនឹងដាក់ឈ្មោះ តាមរាជធានីរបស់យើង នឹងត្រូវបានប្រែក្លាយទៅជាការប្តេជ្ញាចិត្តជាក់ស្ដែង និងសកម្មភាពដែលមាននិរន្តរភាព។ សូមឱ្យការសន្ទនាបន្តទៅមុខដោយការអត់ធ្មត់ ជាមួយនឹងការតស៊ូមិនរាថយ ទោះបីជាមានឧបសគ្គគ្រប់ បែបយ៉ាងក៏ដោយ។ សូមឱ្យនិងយុវជនទទួលបានតួនាទីពេញលេញរបស់ខ្លួននៅក្នុងការសម្រេចចិត្ត ដែលកំណត់អនាគតរបស់ពួកគេ និងនៅក្នុងការកសាងសន្តិភាព។ ការចូលរួមរបស់ពួកគេ គឺជាលក្ខខណ្ឌដ៏ សំខាន់មួយដើម្បីធានាឱ្យសន្តិភាពមានភាពរឹងមាំ និងយូរអង្វែង។

នៅកម្ពុជា គេតែងនិយាយអំពីស្នាមញញឹមខ្មែរ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹង បានឃើញស្នាមញញឹមនេះនៅលើព្រះភក្ត្រថ្មនៃប្រាសាទបាយ័ន ដែលសម្លឹងទៅកាន់ទិសទាំងបួន អសរយៈ ពេលប្រាំបីសតវត្សរ៍មកហើយ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក៏នឹងបានជួបប្រទះស្នាមញញឹ មនេះនៅតាមផ្សារ ក្នុងវត្តអារាម និងនៅក្នុងទីធ្លាសាលារៀនផងដែរ។

ប៉ុន្តែ ស្នាមញញឹមនេះក៏ធ្លាប់បានឆ្លងកាត់ភាពភ័យខ្លាចដែរ។ ក្នុងអំឡុងឆ្នាំនៃសោកនាដកម្ម ស្នាមញញឹម នេះបានបាត់បង់ពីផ្ទៃមុខរបស់ប្រជាជនកម្ពុជា។
បន្ទាប់មក ស្នាមញញឹមនេះបានវិលត្រឡប់មកវិញបន្តិចម្តងៗ នៅពេលសន្តិភាពបានចាប់ផ្ដើមត្រឡប់មកវិញ។ មិនមែនជាស្នាមញញឹមដែលបំផ្លេចចោលអ្វីៗពីអតីតកាល នោះទេ ប៉ុន្តែជាស្នាមញញឹមដែលកើតចេញពីការជ្រើសរើសយកការបង្រួបបង្រួមជាតិ។

ប្រជាជនរបស់ យើងខ្ញុំយល់ច្បាស់ណាស់ថា ការកសាងប្រទេសឡើងវិញ មិនអាចផ្អែកលើការសងសឹកនោះទេ ហើយពុទ្ធឱវាទដែលដិតជាប់ប្រជាជនទាំងអស់គឺតែងតែ ក្រើនរំឭកអំពីបញ្ហានេះជានិច្ច៖ «សេចក្តីស្អប់មិនអាចរំលាយដោយ សេចក្តីស្អប់បានឡើយ គឺមានតែសេចក្តីស្រឡាញ់តែប៉ុណ្ណោះទើបអាចរំលាយសេចក្តីស្អប់បាន»។

ខ្ញុំសូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាំយកទៅជាមួយនូវស្នាមញញឹមនេះពីទីក្រុង ភ្នំពេញ។ នៅកម្ពុជារាល់ព្រឹក សន្តិភាពចាប់ផ្តើមពីស្នាមញញឹម ដែលមនុស្សម្នាក់ផ្តល់ទៅមនុស្សម្នាក់ និងការ លើកដៃសំពះគ្នា។ ហើយព្រឹកមិញនេះ យើងខ្ញុំក៏បានលើកដៃសំពះទៅកាន់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ផងដែរ។

យើងខ្ញុំសូមជូនពរឱ្យកិច្ចពិភាក្សា និងការបំពេញការងាររបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទទួលបានជោគជ័យពេញលេញ ហើយសង្ឃឹមថា កិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញនេះនឹងបន្សល់ ទុកនូវស្នាមប្រវត្តិសាស្ត្រដ៏យូរអង្វែងនៅក្នុងប្រវត្តិសាស្ត្រនៃគ្រួសារហ្វ្រង់កូហ្វូនីរបស់យើង។

សូមស្វាគមន៍! សូមឱ្យសន្តិភាពអមដំណើរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ចាប់ពីថ្ងៃនេះ តទៅ និងយូរអង្វែងជារៀងរហូតក្រោយពីកិច្ចប្រជុំកំពូលនេះ។

ខ្ញុំសូមអរគុណ៕

ព័ត៌មានទាក់ទង
×
Popup Banner