លទ្ធផលពី FrancoTech៖ កម្ពុជាសម្រេចបានកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងប្រមាណ ២០ ជំរុញវិស័យបច្ចេកវិទ្យាឌីជីថល
កម្ពុជាសម្រេចបានកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងជាច្រើនជាមួយដៃគូអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអភិវឌ្ឍវិស័យឌីជីថលក្នុងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ FrancoTech រយៈពេល ៣ ថ្ងៃ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃបញ្ចប់នារសៀលនេះថា ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាបានចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ព្រមទាំងកិច្ចព្រមព្រៀងនានាសរុបប្រមាណ ២០ តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើតភាពជាដៃគូ និងទាក់ទាញការវិនិយោគលើវិស័យបច្ចេកវិទ្យា។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ក្នុងចំណោមកិច្ចសហប្រតិបត្តិការសំខាន់ៗទាំងនោះ មានការសហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិផ្នែកបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រទិន្នន័យ។
ជាមួយគ្នានេះ ក៏មានកិច្ចសហការជាមួយសមាគមបច្ចេកវិទ្យាបារាំង La French Tech ដែលបាននាំក្រុមហ៊ុនប្រមាណ ៧០ ទៅ ៨០ មកចូលរួម ដើម្បីពង្រឹងទំនាក់ទំនង និងតភ្ជាប់ជាមួយសហគមន៍បច្ចេកវិទ្យាហ្វ្រង់កូហ្វូនី។
ដោយឡែក លើវិស័យអប់រំ និងស្រាវជ្រាវ ក៏មានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជា ជាមួយសាកលវិទ្យាល័យនានាមកពីប្រទេសបារាំង កាណាដា និងបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក។ ចំណែកកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើប្រព័ន្ធបច្ចេកវិទ្យាលំហអាកាសផងដែរ។


ការរៀបចំ FrancoTech នៅកម្ពុជាគឺជាលើកទី១ ដែលព្រឹត្តិការណ៍នេះបានមកដល់តំបន់អាស៊ីអាគ្នេយ៍ និងជាលើកទី២ ក្នុងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល បន្ទាប់ពីការរៀបចំលើកដំបូងនៅប្រទេសបារាំង។
ក្រៅពីការចុះកិច្ចព្រមព្រៀង កម្ពុជាក៏បានប្រកាសដាក់ចេញនូវចក្ខុវិស័យឆ្នាំ ២០៣០ ដើម្បីជំរុញការអភិវឌ្ឍក្រុមហ៊ុន Startup ឱ្យទទួលបានការវិនិយោគកាន់តែច្រើន ពង្រីកប្រតិបត្តិការទៅកាន់ទីផ្សារក្នុងតំបន់ និងបង្កើតឱកាសឱ្យក្រុមហ៊ុនក្នុងស្រុកអាចរីកចម្រើនរហូតក្លាយជាក្រុមហ៊ុន Unicorn ដែលមានតម្លៃទីផ្សាររាប់ពាន់លានដុល្លារនាពេលអនាគត។


បើតាមលោក សូ វិសុទ្ធី នៅក្នុងរយៈពេល ៣ ថ្ងៃ សម្រាប់ដំណើរការព្រឹត្តិការណ៍អម FrancoTech មានអ្នកចុះឈ្មោះចូលរួមសរុបជាង ៣ ម៉ឺននាក់ មកពីជាង ១០០ ប្រទេសជុំវិញពិភពលោក។ អ្នកចូលរួមមានទាំងសាធារណជន សិស្ស និស្សិត និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដែលបានមកស្វែងយល់អំពីនវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបៗ។
ក្រុមហ៊ុនបច្ចេកវិទ្យាសរុបចំនួន ៣១៦ ក្រុមហ៊ុន បានចូលរួមតាំងបង្ហាញផលិតផល និងស្នាដៃនវានុវត្តន៍របស់ខ្លួន ខណៈវេទិកាពិភាក្សាក៏មានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋមន្ត្រី និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប។
ក្នុងពិធីបើក ក៏មានវត្តមានពីថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ព្រមទាំងប្រធានាធិបតីប៊ុលហ្គារី និងរ៉ូម៉ានី៕


