Detail Top Banner – Conway

ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ម៉ាឡេស៊ី​ ថ្កោលទោស ​អ៊ីស្រាអែល​ បណ្តេញ​ពលរដ្ឋប៉ាឡេស្ទីន​ ពីលំនៅ​ឋាន និងបង្អត់អាហារ​

កាលពីថ្ងៃចន្ទ ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim បាន​ថ្កោលទោស​ ចំពោះ​ការបង្ខំ​​ប្រជាជនប៉ាឡេស្ទីន​ឱ្យ​ផ្លាស់ទីលំនៅ​ ចេញពីតំបន់​ West Bank ដែលកំពុងកាន់កាប់​ដោយ​អ៊ីស្រាអែល​ និងស្ថាន​ភាព​មនុស្ស​ធម៌​កាន់តែអាក្រក់ទៅៗ​ ក្នុងតំបន់​ហ្គាហ្សា។

ថ្លែងក្នុងកិច្ចប្រជុំកំពូល​លើកទី១៦ រវាង​អង្គការសហប្រជាជាតិ និងសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍( អាស៊ាន) នៅទីក្រុងម៉ានីល ​ប្រទេសហ្វីលីពីន លោក Anwar បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់បាញ់ ​ជាបន្ទាន់ និងអចិន្ត្រៃយ៍ ការផ្តល់​ជំនួយមនុស្សធម៌​ដោយ​គ្មាន​ការ​រារាំង ​និងការការពារ​សម្រាប់​បុគ្គលិក​មនុស្សធម៌​ នៅក្នុងទឹក​ដីប៉ាឡេស្ទីន។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក Anwar Ibrahim 

លោក Anwar លើក​ឡើង​​លើប្រព័ន្ធផ្សព្វផ្សាយ X ថា​៖ «ម៉ាឡេស៊ី ថ្កោលទោសយ៉ាង​ខ្លាំង​ ចំពោះ​អំពើឃោរឃៅ​ដែលកំពុងបន្ត ការបង្ខំ​ឱ្យ​ផ្លាស់ទីលំនៅ និង​គ្រោះ​ទុរ្ភិក្ស កើត​​លើ​ប្រជាជន​ប៉ាឡេស្ទីន»។

ការកត់​សម្គាល់របស់​​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេ​ស៊ី​​រូបនេះ បានកើតឡើង​ ចំពេល​មានអំពើហិង្សា​កើនឡើង​ប្រឆាំងនឹង​ប្រជាជនប៉ាឡេស្ទីន ​ពីសំណាក់អ្នកតាំងលំនៅ​ខុសច្បាប់​ក្នុងតំបន់​​ West Bank និង​​បញ្ហាទឹកជំនន់​ នៅ​តំបន់​ហ្គាហ្សា ស្របពេល​អ៊ីស្រាអែល​ នៅតែបន្តការវាយប្រហារ។

លោក Anwar បានបន្ត​ថា ប្រទេសម៉ាឡេស៊ី បាន​កោតសរសើរ​ លើ​ការ​រួមចំណែករបស់​ប្រទេសចិន​ ចំពោះ​កិច្ចខិតខំប្រឹង​ប្រែង​ផ្នែកមនុស្សធម៌ ​និងកសាង​តំបន់​ហ្គាហ្សា​ឡើង​វិញ​។

ងាក​ទៅ​រក​កិច្ចសហប្រតិបត្តិ​ការក្នុងតំបន់ លោក​សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់ក្នុង​ការប្រែ​ក្លាយ​ផែនការ​សកម្មភាព ASEAN-UN ឆ្នាំ២០២៦-២០៣០ ឱ្យ​ទៅជាលទ្ធផល​ជាក់ស្តែង ជា​ពិសេសក្នុង​វិស័យបៃតង ឌីជីថល ការទប់ទល់​នឹងការប្រែប្រួល​អាកាស​ធាតុ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។

មេដឹក​នាំ​អាស៊ាន

លោក​បានបន្ថែម​៖ «​ខ្ញុំ​ ក៏បាន​ជំរុញឱ្យមានកំណែទម្រង់​អង្គការសហប្រជា​ជាតិដ៏ក្លាហាន​ជាងមុន រួមទាំង​ការលុបបំបាត់​អំណាច​វេតូ ដែល​បាន​រារាំងក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ ​ពីការធ្វើសកម្មភាព​ដោយយុត្តិធម៌ និង​មាន​ប្រសិទ្ធភាពជាយូរមក​ហើយ។ ប្លុកប្រទេស​ចំនួន ១១ ក៏ត្រូវ​តែបន្ត​គាំទ្រគោលការណ៍​ ​ភាពជា​កណ្តាលរបស់​អាស៊ាន និងឧត្តមភាព​នៃច្បាប់អន្តរជាតិ​ក្នុងការរុករក​ការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយ​ ​ដែលកំពុងប្រឈមកាន់តែខ្លាំងឡើង»៕

ព័ត៌មានទាក់ទង
×
Popup Banner