រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ជី (Abbas Araqchi) បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នៅតែសង្ឃឹមថា ការទូតអាចនាំទៅរកការបញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់ ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលក្ខខណ្ឌដែល អ៊ីរ៉ង់ ចង់បានមិនអាចទទួលយកបានសម្រាប់លោកឡើយ។

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក អារ៉ាក់ជី បានប្រាប់កាសែតរដ្ឋរបស់អ៊ីរ៉ង់ថា សារនានានៅតែបន្តផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់កំពុងស្វែងរក «កិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងម្តងទៀត»។
លោកក៏បានបញ្ជាក់ថា អ៊ីរ៉ង់ ចង់ទទួលបានការធានាថា ទីក្រុងវ៉ាស៊ីនតោន មានភាពស្មោះត្រង់ និងពិតជាមានបំណងចរចាមែន មុននឹងបន្តដំណើរការចរចាទៅមុខទៀត។ លោកបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាជាមួយអ្នកសម្របសម្រួលអំពីទម្រង់ និងលក្ខណៈនៃវិធានការកសាងទំនុកចិត្ត។
ការលើកឡើងនេះកើតឡើង ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ដើម្បីស្វែងរកមធ្យោបាយបញ្ចប់ជម្លោះ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ក្នុងអស្ថិរភាព រំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជំរុញឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់ និងបានទាញប្រទេសជាច្រើននៅក្នុងតំបន់ឱ្យចូលរួមក្នុងជម្លោះនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បាននិយាយថា ខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ រួមមានការរក្សាទុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់កម្រិតខ្ពស់នៅក្នុងប្រទេសខ្លួន។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា «ដំណោះស្រាយប្រកបដោយភាពយុត្តិធម៌» នៅតែអាចសម្រេចបាន។
អាជ្ញាធរអ៊ីរ៉ង់ ធ្លាប់បានលើកឡើងពី «រូបមន្តដែលអាចអនុវត្តបាន» ដើម្បីដោះស្រាយវិវាទរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន លើបញ្ហានេះ រួមទាំងការបន្ថយកម្រិតចម្រាញ់នៃស្តុកអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់កម្រិតខ្ពស់ ក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
IAEA ប៉ាន់ប្រមាណថា អ៊ីរ៉ង់ មានអ៊ុយរ៉ាញ៉ូមចំនួន ៤៤០.៩ គីឡូក្រាម ដែលបានចម្រាញ់ដល់កម្រិត ៦០ភាគរយ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។ ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់ថា តើស្តុកអ៊ុយរ៉ាញ៉ូមចំនួនប៉ុន្មានដែលនៅសល់ ក្រោយការវាយប្រហារនោះទេ។
លោក អារ៉ាក់ជី បានថ្លែងថា៖ «ខ្ញុំជឿថា ដំណោះស្រាយប្រកបដោយភាពយុត្តិធម៌អាចសម្រេចបានលើបញ្ហាសម្ភារៈនុយក្លេអ៊ែរ ដែលផ្អែកលើផលប្រយោជន៍ជាតិរបស់យើង ព្រមទាំងបំពេញតម្រូវការរបស់ប្រទេសផងដែរ»។
ដោយឡែក លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ថា៖ «ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេមិនចង់ធ្វើកិច្ចព្រមព្រៀងដែលអាចទទួលយកបានសម្រាប់ខ្ញុំនោះទេ»។
សូមជម្រាបថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់បើកការវាយប្រហារតបតលើអ៊ីស្រាអែល និងប្រទេសនានានៅតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានយោធាអាមេរិកឈរជើង។
ជាមួយគ្នានេះ មន្ត្រីកាតា និងអ៊ីរ៉ង់បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ក្នុងគោលបំណង «សម្របសម្រួលទស្សនៈ និងកាត់បន្ថយគម្លាតរវាងសំណើនានាដែលបានលើកឡើងក្នុងការចរចា» នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកាតា៕



