ត្រាំ-ស៊ី-ពូទីន ចេញ «សេចក្តីប្រកាសសន្តិភាព» រួម ក្រោយជំនួប ជាប្រវត្តិសាស្រ្ត
ក្រោយជំនួបត្រីភាគីរយៈពេល ៩០នាទី រវាងមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៣ អាមេរិក-ចិន និងរុស្ស៊ី, លោក ដូណាល់ ត្រាំ, ស៊ី ជីនពីង និងវ្ល៉ាឌីមៀរ ពូទីន បានចេញ «សេចក្តីប្រកាសសន្តិភាព» រួមមួយ ដែលផ្តល់ក្តីសង្ឃឹមដល់ពិភពលោក ក្នុងការបន្ធូរបន្ថយវិបត្តិ និងសម្រាលស្ថានការណ៍។

តាមការផ្សាយរបស់សារព័ត៌មានធំៗ លើពិភពលោក ដូចជា BBC, DW, Reuters និង CNN កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦, ក្នុងជំនួបជាប្រវត្តិសាស្រ្ត ដែលធ្វើឡើងខាងក្រៅកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង សិនជិន ប្រទេសចិន មេដឹកនាំទាំងបី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តស្នូលចំនួន ៤ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។
១. ការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ៖ មេដឹកនាំទាំងបី បានបញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបានឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត ព្រមទាំងបានប្តេជ្ញាចិត្ត បន្តកិច្ចសន្ទនា ដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ទៀតផង។ យ៉ាងណា សេចក្តីថ្លែងការណ៍នោះ មិនបានលើកឡើង ពីការចរចាលើសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរត្រីភាគីណាមួយឡើយ។
នេះជាអ្វីដែលលោក ត្រាំ បានជំរុញតាំងពីអាណត្តិដំបូងរបស់លោកមកម្ល៉េះ ប៉ុន្តែចិន តែងបដិសេធជាបន្តបន្ទាប់ ដោយលើកហេតុផលថា ឃ្លាំងអាវុធរបស់ខ្លួន នៅមានទំហំតូចជាងឆ្ងាយណាស់ បើធៀបនឹងប្រទេសមហាអំណាចផ្សេងទៀត។
២. តុលាការអន្តរជាតិ និងអភ័យឯកសិទ្ធិ៖ សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់លើអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋ ហើយប្រកាសថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងស្ថាប័នស្រដៀងគ្នានេះ «មិនត្រូវរំលោភបំពានលើដែនសមត្ថកិច្ចរបស់ខ្លួនឡើយ»។ ចំណុចនេះធ្វើឡើងបន្ទាប់ពី ICC ចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំ២០២៣ ពាក់ព័ន្ធ ការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
៣. កំណែទម្រង់អង្គការសហប្រជាជាតិ៖ ប្រទេសទាំងបី សន្យាថា នឹងធ្វើការឆ្ពោះទៅរកការធ្វើកំណែទម្រង់ UN ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមជាសកល។
៤. ការផ្គត់ផ្គង់ថាមពល៖ សេចក្តីប្រកាសនេះ ក៏បានគូសបញ្ជាក់ផងដែរ អំពីផែនការបង្កើនផលិតកម្ម និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

ក្រៅពីបញ្ហាស្នូលទាំង៤នេះ មេដឹកនាំទាំងបី ក៏ពិភាក្សាគ្នាផងដែរ អំពីសង្គ្រាមអ៊ុយក្រែន, វិបត្តិនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមអ៊ីរ៉ង់ និងវិស័យពាណិជ្ជកម្ម ប៉ុន្តែមិនមានការបញ្ចេញខ្លឹមសារលម្អិតនោះទេ។
សូមជម្រាបថា ជំនួបនេះ ត្រូវបានគេយកទៅប្រៀបធៀប នឹងសន្និសីទយ៉ាល់តា ដែលជាកិច្ចប្រជុំកំពូលឆ្នាំ ១៩៤៥ រវាងមេដឹកនាំអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត ដើម្បីពិភាក្សាអំពីជោគវាសនារបស់អឺរ៉ុប ក្រោយសង្គ្រាមលោកលើកទី២ ប៉ុន្តែលើកនេះ លោកត្រាំ ស៊ី និងពូទីន បានចរចាគ្នា ដើម្បីរៀបចំសណ្តាប់ធ្នាប់ពិភពលោក ក្នុងអំឡុងពេលអស្ថិរភាព និងការគំរាមកំហែងយ៉ាងខ្លាំង៕


