Detail Top Banner – Conway

ត្រាំ-ស៊ី-ពូទីន ចាប់ដៃ និងញញឹមដាក់គ្នាយ៉ាងស្និទ្ធស្នាល ផ្តល់ក្តីសង្ឃឹម នៃសុខសន្តិភាព ដល់ពិភពលោក

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រមុខរដ្ឋចិន ស៊ី ជីនពីង បានចាប់ដៃ និងញញឹមដាក់គ្នា ពោរពេញដោយភាពស្និទ្ធស្នាល បង្កើតឱ្យមានក្តីសង្ឃឹមនៃសុខសន្តិភាព ដល់ពិភពលោក។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC និង The New York Times  សកម្មភាពយ៉ាងកក់ក្តៅនេះ កើតឡើង កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនជំនួបកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន។

នេះក៏ជាសកម្មភាព ជាប្រវត្តិសាស្រ្តដែរ ដែលមេដឹកនាំទាំងបី បានជួបទល់មុខគ្នាដោយផ្ទាល់ ហើយវាក៏ជាការបើកឆាក មុននឹងឈានដល់កិច្ចពិភាក្សាទ្វេភាគី និងត្រីភាគីដ៏សំខាន់ផងដែរ។

(រូប៖ Reuters)

ទន្ទឹមនោះ បើយោងតាមសារព័ត៌មាន CNN, លោក ពូទីន បានដើរសំដៅទៅចាប់ដៃ និងសំណេះសំណាលយ៉ាងរាក់ទាក់ ជាមួយលោក ត្រាំ ខណៈកំពុងឈរនៅក្បែរលោក ស៊ី មុនពេលពិធីជប់លៀងអាហារពេលល្ងាច APEC និងការថតរូបជុំគ្នាជាផ្លូវការ។

នៅព្រឹកថ្ងៃដដែលនោះ លោក ស៊ី ក៏បានទៅទទួលស្វាគមន៍លោក ត្រាំ ដោយផ្ទាល់ដល់យន្តហោះ ក្នុងអាកាសយានដ្ឋានទីក្រុង Shenzhen ផងដែរ ដែលក្នុងនោះមានទាំងការចាប់ដៃ និងឱបគ្នាទៀតផង។

(រូប៖ Reuters)

មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា លោក ត្រាំ និង ពូទីន នឹងបើកកិច្ចប្រជុំទល់មុខគ្នា មួយទល់នឹងមួយ នៅក្រៅកិច្ចប្រជុំកំពូលនាថ្ងៃព្រហស្បតិ៍ ហើយមេដឹកនាំទាំងបី ក៏ត្រូវជួបជុំគ្នា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគី អាមេរិក-ចិន-រុស្ស៊ី ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ។

ទោះបីជារបៀបវារៈ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ កិច្ចពិភាក្សា អាចនឹងគ្របដណ្តប់លើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់

(រូប៖ Reuters)

ជំនួបជាប្រវត្តិសាស្រ្ត បង្កើតឱ្យមានក្តីសង្ឃឹមថា មេដឹកនាំកំពូលទាំងបី នឹងអាចត្រួសត្រាយផ្លូវមួយ ដើររួមគ្នា ដោះស្រាយវិបត្តិធំៗ ហើយទម្លាយភាពទាល់ច្រកទាំងឡាយ ដើម្បីឱ្យពិភពលោក មើលឃើញពន្លឺសន្តិភាពឡើងវិញ៕

ព័ត៌មានទាក់ទង
×
Popup Banner