Detail Top Banner – Conway

បារ៉ែន ប្រកាសអាសន្នឱ្យពលរដ្ឋរកទីជ្រកកោន ក្រោយ អ៊ីរ៉ង់ បើកការវាយប្រហារលើខ្លួន និង គុយវ៉ែត

ស្ថានការណ៍សន្តិសុខនៅតំបន់ឈូងសមុទ្រពែរ្ស បានឈានដល់ចំណុចប្រកាសអាសន្នកម្រិតខ្ពស់ ខណៈដែលប្រទេសគុយវ៉ែត និងបារ៉ែន បានរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ពីសំណាក់ អ៊ីរ៉ង់ ហើយអាជ្ញាធរបារ៉ែន បានប្រកាសអាសន្នឱ្យពលរដ្ឋប្រញាប់រកទីកន្លែងជ្រកកោនដែលមានសុវត្ថិភាពជាបន្ទាន់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង France 24 ក្រសួងមហាផ្ទៃនៃប្រទេសបារ៉ែន បានចេញសេចក្តីប្រកាសអាសន្នជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដោយព្រមានពី «ការគំរាមកំហែងដែលអាចកើតមាន» និងបានណែនាំឱ្យប្រជាពលរដ្ឋ ព្រមទាំងជនបរទេសដែលកំពុងស្នាក់នៅទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ហើយប្រញាប់ផ្លាស់ទីទៅកាន់ទីតាំងសុវត្ថិភាពដែលនៅជិតបំផុត។

ស្របពេលជាមួយគ្នានេះ កងកម្លាំងការពារជាតិបារ៉ែន បានអះអាងនៅព្រឹកថ្ងៃទី១៨ នេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ចាប់ និងកម្ទេចការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីរ៉ង់ ដែលសំដៅមកលើព្រះរាជាណាចក្របារ៉ែន។

គួរជម្រាបថា បារ៉ែនគឺជាទីតាំងឈរជើងនៃកងនាវាចរទី៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកន្លងមកត្រូវបានកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) អះអាងថា បានបញ្ជូនដ្រូនទៅវាយប្រហារលើប្រព័ន្ធរ៉ាដារបស់អាមេរិកនៅទីនោះ។

ដោយឡែក ងាកទៅប្រទេសគុយវ៉ែតឯណោះវិញ អគ្គសេនាធិការកងទ័ពគុយវ៉ែត បានប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន កំពុងប្រតិបត្តិការបាញ់ទប់ទល់នឹងការវាយប្រហារដោយដ្រូនរបស់សត្រូវនៅលើផ្ទៃអាកាស ព្រមទាំងបានជូនដំណឹងដល់ពលរដ្ឋកុំឱ្យមានការភិតភ័យចំពោះសំឡេងផ្ទុះនានា ដែលបណ្តាលមកពីប្រតិបត្តិការបាញ់ស្ទាក់ចាប់ទាំងនោះ។

មិនតែប៉ុណ្ណោះ ភាគីកងទ័ពអ៊ីរ៉ង់ បានអះអាងថា ដ្រូនរបស់ខ្លួនបានកំណត់គោលដៅវាយប្រហារចំប្រព័ន្ធការពារដែនអាកាស Patriot និងទីតាំងបាញ់មីស៊ីលរបស់យោធាអាមេរិក នៅមូលដ្ឋានទ័ពអាកាស Ali Al-Salem ក្នុងប្រទេសគុយវ៉ែត។

គួរបញ្ជាក់ដែរថា រលកនៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បានផ្ទុះឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងបាញ់មីស៊ីលរបស់អ៊ីរ៉ង់ នៅលើកោះ Qeshm ក្នុងតំបន់ច្រកសមុទ្រ ហ័រម៉ូស (Hormuz)។

បច្ចុប្បន្ន បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រ កំពុងដាក់កងទ័ពក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់បំផុត ចំពេលដែលការប្រឈមមុខដាក់គ្នាផ្នែកយោធានៅច្រកសមុទ្រ Hormuz កំពុងឡើងកម្តៅយ៉ាងខ្លាំង៕

ព័ត៌មានទាក់ទង
×
Popup Banner