ពិធីសំពះព្រះខែ និងអកអំបុក ត្រូវបានរប្រារព្ធឡើងក្នុងអំឡុងបុណ្យអុំទូក។ ប៉ុន្តែពិធី សំពះព្រះខែ និងអកអំបុក ប្រារព្ធឡើងតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ១៥កើត ពេញបូណ៌មី។
ឆ្នាំ២០២៦នេះ ពិធីបុណ្យអុំទូក មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ២៣ ដល់ថ្ងៃ២៥ ខែវិច្ឆិកា ដែលត្រូវនឹងថ្ងៃទី១៤ និង១៥កើត ដល់ថ្ងៃ១រោច ខែកត្តិក។ ឈានដល់ថ្ងៃទី២៤ ខែវិច្ឆិកា នឹងមានពិធីមួយទៀត ហៅថាពិធីសំពះព្រះខែ និងអកអំបុក ។
ពិធីសំពះព្រះខែ និងអកអំបុក គឺជាប្រពៃណីមួយរបស់ខ្មែរ ដែលផ្សារភ្ជាប់ទៅនឹងពិធីពីបុណ្យអុំទូក។ ពិធីសំពះព្រះខែ និងអកអំបុក នេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ធ្វើឡើង ដើម្បីរំឭកដល់ព្រះពោធិសត្វ ដែលធ្លាប់យោងយកកំណើតជាសត្វទន្សាយ។ ទន្សាយ ដែលជាតួអង្គព្រះពោធិសត្វ ប៉ងនឹងលះបង់អាយុសង្ខារ ដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។
បើតាមជំនឿរបស់ដូនតាខ្មែរ ប្រជាពលរដ្ឋ យល់ថា ព្រះសម្មាសម្ពុទ្ធ ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង (មិនទាន់ក្លាយជាព្រះពុទ្ធ)។ រឿងនិទាននោះ បានដំណាលថា គ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខសត្វទន្សាយ។
នៅចំពោះមុខសត្វទន្សាយ តាព្រាហ្មណ៍នោះ បានពោលពាក្យឡើងថា៖«ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ»។ ពេលនោះឯង ទន្សាយ ដែលជាតួអង្គព្រះពោធិសត្វ បានពោលវាចាតបយ៉ាងនេះថា៖«ខ្ញុំមានតែសាច់ និងឈាមប៉ុណ្ណោះ។ បើអ្នកចង់បាន ចូរអ្នករកឧសមកបង្កាត់ភ្លើងទៅចុះ។ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»។
គ្រាន់តែឮដូច្នេះ ព្រះឥន្ទ្រ ក៏ទៅបង្កាត់ភ្លើងភ្លាម។ ចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លែតតែម្តងដោយមិនបង្អង់យូរនោះទេ។ ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា និងការបរិច្ចាគដ៏អស្ចារ្យរបស់ទន្សាយ ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ។
លំដាប់នោះ ព្រះឥន្ទ្រក៏ហោះទៅកាន់ស្ថានសួគ៌ ដើម្បីយកថ្មកែវមនោសិលា ទៅគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ដែលជាហេតុនាំឲ្យមានរូបទន្សាយជាប់ក្នុងរង្វង់ព្រះចន្ទ តាំងពីកាលនោះរហូតមក ហើយមនុស្សគ្រប់រូបក៏មើលឃើញរូបទន្សាយច្បាស់ នៅថ្ងៃ១៥កើត ពេញបូណ៌មី។
យ៉ាងណាក៏ដោយ បើផ្អែកតាមវិទ្យាសាស្ត្រ រូបនោះ គឺជារណ្តៅនិងក្រហូងផ្សេងៗ នៅលើភពព្រះចន្ទ ដោយគ្រាន់តែមើលទៅមានរូបរាងស្រដៀងនឹងសត្វទន្សាយប៉ុណ្ណោះ។
រឿងរ៉ាវ ដែលទាក់ទងនឹងព្រះពោធិសត្វដូច្នេះហើយ ជាហេតុនាំឲ្យអ្នកស្រុក តែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម៕
ប្រភព៖ គេហទំព័រទ្រឹស្តីពុទ្ធចក្រ


