ដោយ៖ សុបិន អ៊ុង
ទីក្រុងឡូវែល – អភិបាល Maura Healey និងអភិបាលរង Kim Driscoll បានចូលរួមក្នុងពិធីប្រគល់រង្វាន់លំនៅដ្ឋាន នៅថ្ងៃទី ១៨ ខែឧសភានៅ Merrimack Valley Food Bank ។ មូលនិធិរដ្ឋ និងសហព័ន្ធចំនួន ២៤៦ លានដុល្លារ ត្រូវបានផ្តល់ជូនដល់គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួន ២៧ នៅទូទាំងរដ្ឋម៉ាសាឈូសេត ដែលនឹងសាងសង់ផ្ទះចំនួន ១៥៩៧ បន្ទប់សម្រាប់គ្រួសារដែលមានចំណូលទាប និងគ្រួសារដែលមានចំណូលចម្រុះ។
លោក Thomas A. Golden, Jr អ្នកគ្រប់គ្រងទីក្រុងបានមានប្រសាសន៍ថា “នេះគឺជាឱកាសដ៏គួរឱ្យកត់សម្គាល់មួយក្នុងការផ្តល់នូវលំនៅដ្ឋាន ដែលមានតម្លៃសមរម្យជាងមុនដល់ប្រជាពលរដ្ឋនៃទីក្រុងឡូវែល ហើយក្រុមប្រឹក្សាក្រុងមានមោទនភាពក្នុងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះបញ្ហាដ៏សំខាន់នេះជាមួយនឹងទឹកប្រាក់ចំនួន ២៥០០០០ ដុល្លារនៅក្នុងមូលនិធិ HOME” ។ “ទីក្រុងឡូវែលសូមថ្លែងអំណរគុណចំពោះចក្ខុវិស័យ និងភាពជាដៃគូរបស់អភិបាល Healey អភិបាលរង Driscoll និងរដ្ឋបាលរបស់គាត់ ហើយយើងទន្ទឹងរង់ចាំគាំទ្រគម្រោងបែបនេះបន្ថែមទៀតនាពេលអនាគត” ។
នៅថ្ងៃទី ១ ខែមីនា អភិបាលក្រុង Healey បានដាក់ច្បាប់ដើម្បីបង្កើតការិយាល័យប្រតិបត្តិផ្នែកលំនៅដ្ឋាន និងសហគមន៍ បានផ្លាស់ប្តូរនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍សហគមន៍ចេញពីការិយាល័យប្រតិបត្តិបច្ចុប្បន្នទទួលបន្ទុកផ្នែកលំនៅដ្ឋាន និងអភិវឌ្ឍន៍សេដ្ឋកិច្ចទៅនាយកដ្ឋានថ្មី និងពង្រីកវិសាលភាពការងាររបស់ខ្លួនដាក់បញ្ចូលការកសាងលំនៅដ្ឋាន។
អភិបាលក្រុង Healey បានមានប្រសាសន៍ថា “ទាំងនេះ គឺជាប្រភេទនៃគម្រោងដែលការិយាល័យប្រតិបត្តិលំនៅដ្ឋាន និងសហគមន៍របស់យើង នឹងត្រូវជម្រុញដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុក សហព័ន្ធ និងឯកជន ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានរបស់យើង” ។
អភិបាលរង Driscoll បានមានប្រសាសន៍ថា “យើងដឹងថា ជំនួយទាំងនេះមានសារៈសំខាន់ប៉ុណ្ណាដើម្បីគាំទ្រដល់ការធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងសហគមន៍របស់យើងក្នុងការដោះស្រាយវិបត្តិលំនៅដ្ឋាន។ ជាមួយនឹងកង្វះលំនៅឋានចំនួន ២០០០០០ យូនីតនាពេលនេះ ប្រជាជនរស់នៅបានយូរ និងតម្រូវការសហគមន៍កើនឡើង នោះហើយជាមូលហេតុដែលយើងប្តេជ្ញាចិត្តក្នុងការងារនេះ ដោយមានលេខាធិការដ្ឋានថ្នាក់ខុទ្ទកាល័យដែលប្តូរផ្តាច់ក្នុងការបង្កើនកាកសាងលំនៅឋាន កាត់បន្ថយឧបសគ្គក្នុងការរីកលូតលាស់លំនៅដ្ឋាន និងពន្លឿនល្បឿននោះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិបុលភាពសេដ្ឋកិច្ចរយៈពេលវែងក្នុងប្រទេសរបស់យើង” ។
លេខាធិការទទួលបន្ទុកផ្នែកលំនៅដ្ឋានថ្មី លោក Ed Augustus ត្រូវបានណែនាំខ្លួនឲ្យស្គាល់។ Augustus គឺជាអតីតអ្នកគ្រប់គ្រងទីក្រុង Worcester ដែលមានស្នាដៃល្អក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានរាប់ពាន់ ទាំងមានទីផ្សារល្អ និងយូនីតសម្រាប់ប្រជាជនដែលងាយរងគ្រោះ។ អភិបាលរង Driscoll មានប្រសាសន៍ថា “គាត់មានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការសម្រេចគោលដៅ និងទាក់ទាញមនុស្ស ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីប្រាកដថាយើងមិនត្រឹមតែបំពេញតាមគោលដៅលំនៅដ្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការកសាងសហគមន៍របស់យើងផងដែរ” ។ លោក Augustus នឹងចាប់ផ្តើមការងាររបស់គាត់នៅថ្ងៃទី ១ ខែមិថុនា។
ជាមួយនឹងថវិកានេះ Boston Capital បានបញ្ចប់ការទិញឃ្លាំង Merrimack Valley Food Bank នៅលើផ្លូវ 733 Broadway ក្នុងទីក្រុងឡូវែល ។ “យើងបានធ្វើការជាមួយពួកគេជាងមួយឆ្នាំមកហើយ។ ជាមួយនឹងការផ្តល់មូលនិធិនេះ ឥឡូវនេះពួកគេនឹងឈានដល់ការបិទអចលនទ្រព្យ ហើយអភិវឌ្ឍវាទៅជាអគារផ្ទះល្វែងដ៏ស្រស់ស្អាតចំនួន ៣ ជាន់ដែលមានតម្លៃសមរម្យ និងសម្រាប់អ្នកមានចំណូលទាបសម្រាប់រយៈពេល ៤៥ ឆ្នាំ” ។ នេះបើតាមប្រសាសន៍របស់ Debbie Callery នាយកប្រតិបត្តិនៃ MVFB ។ “វាជាគម្រោងដ៏ល្អមួយដែលនឹងក្លាយជាការបន្ថែមដ៏ស្រស់ស្អាតដល់សង្កាត់។ យើងរង់ចាំផែនសាងសង់ក្លាយជាការពិត” ។
អគារនេះត្រូវបានប្រគល់ជូន MVFB កាលពី ៣០ ឆ្នាំមុនដោយគ្រួសារ Stagnone ដែលជាម្ចាស់ក្រុមហ៊ុន Lowell Fruit ។ Food Bank បានរកឃើញផ្ទះថ្មីមួយដែលនៅជាប់នឹងអាងស្តុកទឹកប្រឡាយ Pawtucket និងឧទ្យាន Francis Gate ក្នុងសង្កាត់ Acre ។
Rick Mazzochi នាយកគ្រប់គ្រងនៃទីក្រុង Boston Capital បានមានប្រសាសន៍ថា “យើងពិតជារំភើបចិត្តក្នុងការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យថ្មីមួយនៅទីនេះ។ ៥៤ យូនីត ដែលជាលំនៅដ្ឋានតម្លៃសមរម្យទាំងអស់ បង្កើតឡើងសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ៦០ ភាគរយ ឬតិចជាងនេះ។ យូនីតជាច្រើនជួលក្នុងតម្លៃទាបផងដែរ” ។
Mazzochi បានមានប្រសាសន៍ថា គាត់មិនមានព័ត៌មានលម្អិតទាំងអស់អំពីកម្រិតជួលនោះទេ ប៉ុន្តែគាត់នឹងចែករំលែកនៅពេលក្រោយនៅពេលគាត់មានព័ត៌មានទាំងនេះ។ អចលនទ្រព្យនេះនឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Maloney ៕