ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។
អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។
ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។
បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕