Top Mobile Banner

មន្ទីរពេទ្យ​គន្ធបុប្ផា ព្យាបាល​កុមារ​មាន​ជំងឺជាង១១ម៉ឺននាក់ ក្នុងខែមិថុនា

ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ កុមារ និងស្រ្តីមានផ្ទៃពោះ ជាង១២ម៉ឺននាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថាកុមារឈឺចំនួន៨៨ ៣៥៦នាក់ បានពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ, មានជំងឺគ្រុនឈាម ១ ២៨៧នាក់, កុមារ ២ ៩៣៤នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ៩២នាក់។

ចំណែកនៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣) ស្ត្រីមានផ្ទៃពោះ ៩ ២៩០នាក់ បានទៅពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាប់អ្នកសម្រាលកូនមាន ១ ៦៤២នាក់។

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយ លើកកម្ពស់សុខុមាលភាពសង្គម និងរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានទាក់ទង