Top Mobile Banner

ប្រាសាទតាមាន់ធំ ត្រូវបានសង់ឡើងនៅសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១

ឧត្តរមានជ័យ៖ ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅលើខ្នងភ្នំដងរែក នាស្រុកបន្ទាយអំពិល ដែលមានចម្ងាយ៤៨គីឡូម៉ែត្រ ពីក្រុងសំរោង។ ទេសចរ ត្រូវធ្វើដំណើរជាង១ម៉ោងពីបឹងស្នោ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅកាន់ជើងភ្នំដងរែក ក្នុងស្រុកបន្ទាយអំពិល។ នារដូវវស្សា ទេសចរ នឹងបានគយគន់ទេសភាពអមដងផ្លូវស្រស់បំព្រងលាយឡំជាមួយពពករសាត់បណ្ដែតខ្លួនលើភូមិឋាន និងតាមជើងភ្នំ។ ផ្លូវពីក្រុងសំរោង ឆ្ពោះទៅកាន់ប្រាសាទតាមាន់ធំ ជាផ្លូវកៅស៊ូដែលធ្វើឱ្យទេសចរងាយស្រួលធ្វើដំណើរ។

ដល់ជើងភ្នំ ទេសចរ មានជម្រើសរក្សារថយន្តនៅជើងភ្នំដោយជួលគោយន្តសហគមន៍ជិះ ឬជិះឡើងតាមផ្លូវបេតុងមួយ។ ប៉ុន្តែជម្រើសទាំងពីរនេះ មិនមែនជាជម្រើសរបស់ខ្ញុំនោះទេ។ ខ្ញុំនិងក្រុមការងារ បានសម្រេចចិត្តដើរឡើងទៅប្រាសាទតាមាន់ធំ ដែលមានចម្ងាយជាង១គីឡូពីជើងភ្នំ។ ដំណើរថ្មើរជើង ពិបាកបន្តិច ប៉ុន្តែការដើរបែបនេះ ក៏ល្អសម្រាប់ក្មេងៗ និងបង្កើតអនុស្សាវរីយ៍។

ឡើងដល់កំពូលភ្នំ កងកម្លាំងប្រដាប់អាវុធការពារទឹកដីកម្ពុជា បានស្វាគមន៍ទេសចរជាតិដោយស្នាមញញឹម និងភាពរីករាយក្រៃលែង។ ពួកគាត់ ពិតជារីករាយខ្លាំងនាពេលមានទេសចរជាតិច្រើនទៅទស្សនាប្រាសាទតាមាន់ធំ។ កងកម្លាំងប្រដាប់អាវុធកម្ពុជា ឈរជើងជាប្រចាំនៅខាងក្នុងប្រាសាទ និងការពារសុវត្ថិភាពទេសចរជាតិ។

ក្រុមប្រាសាទតាមាន់ សង់ដោយព្រះមហាក្សត្រខ្មែរ

ប្រាសាទនេះ ត្រូវបានសង់អំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញ។ លោកសាស្រ្តាចារ្យ អាំង ជូលាន បានបញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺជាស្នាព្រះហស្ថនៃ ព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏នៅក្នុងជំនាន់ ឬរាជ្យនោះដែរ (ផ្នែកទី១ នៃស.វ.ទី១១) ថ្វីត្បិតតែពុំឃើញមាន សិលាចារឹក ហើយពុំមានចម្លាក់រចនាបថនោះ។ ការលើកឡើងបែបនេះ គឺផ្អែកលើមូលដ្ឋានស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណ ដែលមិនមានសិលាចារឹក បញ្ជាក់នោះទេ។

អ្នកជំនាញ យល់ថា គេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឲ្យស្មើល្មមៗ ហើយប្រហែលជាយកថ្មនៅទីនោះតែម្តងមកសាងប្រាសាទ។ នៅក្នុងប្រាសាទមានចម្លាក់បដិមាមួយ ដែលអ្នកជំនាញហៅថា «បដិមាធម្មជាតិសម្រាប់» ឬហៅថា «ស្វយម្ភូលិង្គ»។ «ស្វយម្ភូលិង្គ» មានន័យថា ចម្លាក់បដិមាកើតឡើងដោយឯកឯង ដែលថ្មជាប់នឹងផ្ទាំងនៅក្នុងដី។

លោកបណ្ឌិតនរវិទូ អាំង ជូលាន បានបញ្ជាក់ថា ស្វយម្ភូលិង្គនៅទីនោះ ភ្ជាប់ទៅក្រៅបរិវេណប្រាសាទតាមចង្អូរថ្ម ដែលគេរៀបចំសម្រាប់ឲ្យទឹក មន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅ ដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿ។ បច្ចុប្បន្ននេះ ប្រាសាទតាមាន់ធំ មានភាពបែកបាក់ខ្លះៗ ប៉ុន្តែប្រាង្គមួយចំនួន ក៏បន្តឈរយ៉ាងរឹងមាំផងដែរ។

ក្រុមប្រាសាទតាមាន់ ត្រូវបានក្រសួងវប្បធម៌វិចិត្រសិល្បៈ ចុះបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយ។ ក្រសួងវប្បធម៌បានលម្អិតបន្ថែមថា៖ « ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង»៕

ព័ត៌មានទាក់ទង