Top Mobile Banner

រដ្ឋមន្រ្តី៖ ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងទឹកដី និងអធិបតេយ្យរបស់កម្ពុជាទាំងស្រុង

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទេសចរ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយពីក្រុងសំរោង ៤៨គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូច មានចម្ងាយជិត២គីឡូម៉ែត្រ។ នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានអះអាងថា ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។

ក្រសួងវប្បធម៌ បានអះអាងដូច្នេះ៖ « ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ»។

ស្វែងយល់ពីប្រាសាទតាមាន់តូច

ប្រាសាទតាមាន់តូច ត្រូវបានអ្នកជំនាញយល់ថា ជាអរោគ្យសាលា ឬមន្ទីរពេទ្យបុរាណក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ព្រះមហាក្សត្រខ្មែរដ៏ល្បីល្បាញរូបនេះ បានកសាងអរោគ្យសាលា ឬមន្ទីរពេទ្យបុរាណ ចំនួន១០២នៅក្នុងរាជ្យរបស់ព្រះអង្គ។

កាលពីឆ្នាំ២០២២ អ្នកជំនាញបុរាណវិទ្យា អុឹម សុខរិទ្ធី បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ការស្រាវជ្រាវកន្លងមក មន្ទីរពេទ្យទាំងនោះ រកឃើញជាងពាក់កណ្ដាល។ ក្នុងនោះចំណោមមន្ទីរពេទ្យ១០២ មានមន្ទីរពេទ្យបុរាណ ៣០នៅកម្ពុជា ក្នុងនោះ ៦នៅរាជធានីអង្គរ ខេត្តព្រះវិហារ កំពង់ចាម បន្ទាយមានជ័យ តាកែវ បេងមាលា និងកំពង់ធំជាដើម។ ចំណែក ៣២រកឃើញនៅប្រទេសថៃ ២នៅប្រទេសឡាវ និង១ទៀតនៅដែនដីកម្ពុជាក្រោម ប្រទេសវៀតណាមសព្វថ្ងៃ។

ការសង់មន្ទីរពេទ្យនៅពេលនោះ មានគម្លាតពីមួយទៅមួយមិនលើសពី៤០គីឡូម៉ែត្រ។ លោក អុឹម សុខរិទ្ធី ពន្យល់ថា ដើម្បីងាយស្រួយធ្វើដំណើរ និងដឹកជញ្ជូនអ្នកជំងឺ ហើយក៏បានបញ្ចូលលើការងាររៀបចំដែនរដ្ឋបាលនៅសម័យនោះដែរ។ គ្រប់មន្ទីរពេទ្យទាំងអស់ សង់នៅទីប្រជុំជននៃរដ្ឋបាលមួយៗ ប្រៀបដូចទីរួមស្រុកនាពេលបច្ចុប្បន្នដូច្នោះដែរ។

ព្រះបាទជ័យវរ្ម័នទី៧នេះហើយ ដែលល្បីល្បាញខ្លាំងខាងផ្នែកស្ពានបុរាណ និងមន្ទីរពេទ្យបុរាណ។ ស្ពានកំពង់ក្ដី ស្ថិតនៅក្នុងទីប្រជុំជនស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៦០ គីឡូម៉ែត្រពីក្រុងសៀមរាប។ បើធ្វើដំណើរមកពីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ផ្សារកំពង់ក្ដី ខាងស្ដាំដៃ មានផ្លូវជាតិចាស់ ដែលអាចនាំភ្ញៀវទេសចរទៅដល់ស្ពានបុរាណមួយនេះ។

នៅក្នុងខេត្តឧត្តរមានជ័យ ស្ពានទ័ព ជាស្ពានបុរាណវែងជាងគេក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ នៅជិតស្ពានទ័ពនេះ មានប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទព្រហ្មកិល ដែលជាអតីតអរោគ្យសាលា ឬមន្ទីរពេទ្យបុរាណ។

បើតាមរដ្ឋាភិបាលកម្ពុជា ប្រាសាទតាមាន់តូច ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យលើភ្នំដងរែក ដែលមានចម្ងាយតែ២គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទតាមាន់ធំ។ ប៉ុន្តែប្រាសាទតាមាន់ធំ ត្រូវបានសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ នៅសត្សវត្សរ៍ទី១១។

ប្រាសាទតាមាន់ធំ ឈរយ៉ាងរឹងមាំលើភ្នំដងរែក

ប្រាសាទនេះ ត្រូវបានសង់អំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញ។ លោកសាស្រ្តាចារ្យ អាំង ជូលាន បានបញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺជាស្នាព្រះហស្ថនៃ ព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏នៅក្នុងជំនាន់ ឬរាជ្យនោះដែរ (ផ្នែកទី១ នៃស.វ.ទី១១) ថ្វីត្បិតតែពុំឃើញមាន សិលាចារឹក ហើយពុំមានចម្លាក់រចនាបថនោះ។ ការលើកឡើងបែបនេះ គឺផ្អែកលើមូលដ្ឋានស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណ ដែលមិនមានសិលាចារឹក បញ្ជាក់នោះទេ។

អ្នកជំនាញ យល់ថា គេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ឡើយ គឺគេសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឲ្យស្មើល្មមៗ ហើយប្រហែលជាយកថ្មនៅទីនោះតែម្តងមកសាងប្រាសាទ។ នៅក្នុងប្រាសាទមានចម្លាក់បដិមាមួយ ដែលអ្នកជំនាញហៅថា «បដិមាធម្មជាតិសម្រាប់» ឬហៅថា «ស្វយម្ភូលិង្គ»។ «ស្វយម្ភូលិង្គ» មានន័យថា ចម្លាក់បដិមាកើតឡើងដោយឯកឯង ដែលថ្មជាប់នឹងផ្ទាំងនៅក្នុងដី។

លោកបណ្ឌិតនរវិទូ អាំង ជូលាន បានបញ្ជាក់ថា ស្វយម្ភូលិង្គនៅទីនោះ ភ្ជាប់ទៅក្រៅបរិវេណប្រាសាទតាមចង្អូរថ្ម ដែលគេរៀបចំសម្រាប់ឲ្យទឹក មន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅ ដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿ។ បច្ចុប្បន្ននេះ ប្រាសាទតាមាន់ធំ មានភាពបែកបាក់ខ្លះៗ ប៉ុន្តែប្រាង្គមួយចំនួន ក៏បន្តឈរយ៉ាងរឹងមាំផងដែរ៕

ព័ត៌មានទាក់ទង