Top Mobile Banner

សម្តេច ហ៊ុន សែន នឹងស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិកព្រឹទ្ធសភា ចុះការងារសកម្មនៅមូលដ្ឋាន

សម្តេច ហ៊ុន សែន នឹងស្នើឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីបែងចែក​ការ​ងារ​​​ជាក់លាក់ដល់សមាជិកព្រឹទ្ធសភា ចុះជួបជាមួយអង្គបោះឆ្នោត និងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមមូលដ្ឋាន។

«តាមរយៈ​ឃុំ​សង្កាត់នេះ​ហើយ ដែលសមាជិកព្រឹទ្ធសភាចុះមូលដ្ឋាន។ ​ខ្ញុំមិនចង់ឱ្យសមាជិក​ព្រឹទ្ធ​សភា ដេកស៊ីប្រាក់ខែនៅភ្នំពេញទេ។»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចប្រធានព្រឹទ្ធសភា ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត​ព្រះ​​វិហារ នៅថ្ងៃទី២៧ ខែមិថុនា។

បើតាមសម្តេច ហ៊ុន សែន លទ្ធភាពនៃការស្នើធ្វើវិសោធនកម្មនេះ អាចធ្វើ​ឡើង​នៅក្នុង​អំ​ឡុង​ខែកញ្ញា ឬខែតុលាខាងមុខ ដោយយកប្រព័ន្ធបោះឆ្នោត ដូចការបោះឆ្នោតរដ្ឋសភា គឺ​ការ​​រៀបចំ និងបែងចែកសមាជិក ពី៨ភូមិភាគ ទៅកាន់ជា ២៥​មណ្ឌលបោះឆ្នោត។

«ដោយសារមួយភូមិភាគមានដល់ទៅ៦ខេត្ត ហើយសមាជិកព្រឹទ្ធសភាមាន៦នាក់។ អ៊ីចឹង​ឥឡូវអ្នកណាទៅខេត្តណា? អ្នកណាទៅខេត្តណា? វាលំបាក […] វិធីដែល​ល្អ​​ជាងគេ តាម​គំនិតផ្តួចផ្តើម និងការពិភាក្សាជាបឋមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួន ថាយកប្រព័ន្ធ វិធី​បោះ​ឆ្នោតតាម រដ្ឋសភាតែម្តងទៅ។ យកខេត្តធ្វើជាមណ្ឌល។»។ សម្តេច ហ៊ុន សែន បញ្ជាក់​ដូច្នេះ៕

ព័ត៌មានទាក់ទង