Top Mobile Banner

កម្ពុជា បន្តរឹបអូសពងមាន់ជាង ៧ម៉ឺនគ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម

ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្តស្ទាក់ចាប់បានរថយន្ត និងរឹបអូសពងមាន់ ៧៥ ០០០គ្រាប់ នាំចូលខុសច្បាប់ពីវៀតណាម។ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានបញ្ជាក់​នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែមិថុនា។

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ២៦ ខែមិថុនា បានឃាត់រថយន្តចំនួន ២គ្រឿង ដោយរថយន្តទី១ ដឹកពងមាន់ ១២៥ដុំ ឬស្មើ ៣៧ ៥០០គ្រាប់ ត្រូវបានមន្រ្តីជំនាញឃាត់បាននៅបណ្ដោយផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែករថយន្តទី២ ដឹកពងមាន់ ៣៧ ៥០០គ្រាប់ដូចគ្នា ប៉ុន្តែឃាត់បាននៅចំណុចផ្លូវក្រវាត់ក្រុងទី៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តទាំងពីនេះ បានដឹកពងមាន់ បានចេញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះជាការបញ្ជាក់របស់ លោក ហ៊ុន សារ៉ាត់។ បច្ចុប្បន្ន ក្រុមការងារជំនាញ បាននាំយកវត្ថុតាង និងបទល្មើសខាងលើទៅរក្សាទុកក្នុងទីតាំងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង