វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានយល់ព្រមលក់គ្រាប់បែកក្នុងតម្លៃ ៥១០លានដុល្លារទៅឱ្យអ៊ីស្រាអែល ក្នុងនោះមានទាំងឧបករណ៍ណែនាំពីគ្រាប់បែក និងជំនួយពាក់ព័ន្ធ។
ការទិញលក់សព្វាវុធយោធានេះ កើតឡើងចំពេលដែលអ៊ីស្រាអែលបានអូសសព្វាវុធសំខាន់ៗយ៉ាងច្រើនចេញពីឃ្លាំង ដើម្បីប្រយុទ្ធនឹងសត្រូវរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ពិសេសនៅក្នុងជម្លោះនាពេលថ្មីៗនេះជាមួយអ៊ីរ៉ង់។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់សព្វាវុធនេះ នឹងជួយពង្រឹងសមត្ថភាពអ៊ីស្រាអែល ទប់ទល់ការគំរាមកំហែងពីសត្រូវ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ពិសេសការកែលម្អសមត្ថភាពការពារព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាមជ្ឈមណ្ឌលប្រជាជន។
បើតាមទីភ្នាក់ងារ DSCA, អាមេរិកប្តេជ្ញាជួយជ្រោមជ្រែងពង្រឹងសន្តិសុខរបស់អ៊ីស្រាអែល ពីព្រោះវាមានសារៈសំខាន់ចំពោះផលប្រយោជន៍ជាតិអាមេរិក ក្នុងការជួយអ៊ីស្រាអែលរក្សាសមត្ថភាពការពារជាតិខ្លួនឯងឲ្យរឹងមាំ និងការត្រៀមខ្លួនជាស្រេចសម្រាប់ជម្លោះ៕
ប្រភព ៖ AFP