Top Mobile Banner

អ្នកនយោបាយថៃ ស្វះស្វែងរកការដកតំណែងលោកស្រី ផែថងថាន ពីរដ្ឋមន្រ្តីវប្បធម៌

អ្នកនយោបាយថៃ លោក Tul Sittisomwong បានស្នើប្រធានព្រឹទ្ធសភាថៃ ប្រមូលហត្ថលេខារបស់សមាជិកព្រឹទ្ធសភាឱ្យបានយ៉ាងហោចណាស់ ១ភាគ១០ ដើម្បីដាក់ញត្តិទោតុលាការធម្មនុញ្ញ ដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ពីតំណែងរដ្ឋមន្រ្តីវប្បធម៌បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី២ ខែកក្កដា។

ក្នុងគណៈរដ្ឋមន្រ្តីថ្មី ដែលស្បថចូលកាន់តំណែងនៅថ្ងៃទី៣ ខែកក្កដា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវកាន់តួនាទីចំនួន ២ គឺនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីវប្បធម៌។ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា បានព្យួរតំណែងនាយករដ្ឋមន្រ្តីលោកស្រីផែថងថាន ហើយ ដើម្បីពិចារណាជុំវិញការដកតំណែង។ ទាក់ទិននឹងបញ្ហានេះ លោកស្រី ផែថងថាន នៅសល់តំណែងរដ្ឋមន្រ្តីវប្បធម៌មួយទៀត ដើម្បីបន្តកិច្ចការក្នុងរដ្ឋាភិបាល។

ទោះតុលាការធម្មនុញ្ញបានព្យួរតំណែងលោកស្រីផែថងថាន ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយក្តី អ្នកនយោបាយថៃ លោក Tul Sittisomwong បានស្វះស្វែងរកការដកតំណែងរដ្ឋមន្រ្តីវប្បធម៌មួយទៀត។

លោក Tul Sittisomwong បានទទូចឱ្យប្រធានព្រឹទ្ធសភាថៃ ប្រមូលហត្ថលេខាពីសមាជិកព្រឹទ្ធសភាចំនួន ១ភាគ១០ ដើម្បីគាំទ្រញត្តិ ដាក់ទៅតុលាការធម្មនុញ្ញ ដើម្បីដកតំណែងរដ្ឋមន្រ្តីវប្បធម៌។ កន្លងមក សមាជិកព្រឹទ្ធសភាចំនួន ៣៦នាក់ បានដាក់ញត្តិទៅតុលាការធម្មនុញ្ញ ក្រោយបែកធ្លាយកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្រោយបែកធ្លាយកិច្ចសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រជាប្រិយភាពរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ បើធៀបនឹងត្រីមាសទីមួយ។

តាមការប្រកាសរបស់វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ (NIDA) ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ប្រជាប្រិយភាពរបស់ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានធ្លាក់មកត្រឹម ៩,២ភាគរយប៉ុណ្ណោះ ខណៈនៅត្រីមាសទីមួយ ការគាំទ្រលើលោកស្រីមានរហូតដល់ ៣០,៩ភាគរយ។ សំឡេងគាំទ្រលើប្រមុខរដ្ឋាភិបាលថៃ បើធៀបនឹងមេដឹកនាំបក្សប្រឆាំង គឺចាញ់ឆ្ងាយ ហើយថែមទាំងធ្លាក់ក្រោមអតីតនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ថែមទៀត៕

ព័ត៌មានទាក់ទង