Top Mobile Banner

ក្រសួង​ប្រៃសណីយ៍ ច្រានចោលការចោទប្រកាន់របស់ថៃ ថា​កម្ពុជា​ពឹងក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើងវាយប្រហារ

ភ្នំពេញ៖ នា​ពេល​ថ្មីៗនេះ នៅ​លើបណ្តាញសង្គមថៃ បាន​ចោទកម្ពុជាថា ពឹងក្រុមចោរបច្ចេកវិទ្យា (Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជុំ​វិញ​ការ​ចោទ​ប្រកាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា កម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ទុក​ការចោទប្រកាន់របស់​ថៃ ជាចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ជាមួយ​គ្នានេះ ក្រសួងប្រៃសណីយ៍ បាន​សង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ។

ទោះ​មាន​ការ​រំខាន​ពី​ក្រុម​ចោរ​បច្ចេកវិទ្យាថៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា បានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព ខណៈ​ទទួលរងការប៉ះពាល់តិចតួចប៉ុណ្ណោះ​។ ក្រសួងប្រៃសណីយ៍ ក៏​អំពាវនាវដល់​សាធារណជន​ប្រុង​ប្រយ័ត្នខ្ពស់​លើ​បញ្ហានេះ ជា​ពិសេស​ព័ត៌មាន​មិនពិតដែល​ផ្សាយ​លើ​បណ្ដាញសង្គម។ នេះបើតាម​សេចក្ដីជូនដំណឹង​របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញផ្សាយថ្ងៃទី​៧ កក្កដានេះ​​៕

ព័ត៌មានទាក់ទង