Top Mobile Banner

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ការចរចាជាមួយសហរដ្ឋអាមេរិក មានពន្លឺល្អ ហើយសហរដ្ឋអាមេរិក មិនយកពន្ធ ៤៩ភាគរយទេ

(ភ្នំពេញ)៖ កម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសទាំង ១០លើពិភពលោក ដែលបានទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចរចាពន្ធគយបដិកាជាមួយភាគីអាម៉េរិក ពោលគឺកម្ពុជានឹងមិនត្រូវបានសហរដ្ឋអាមេរិកដំឡើងពន្ធរហូតដល់ ៤៩ភាគរយនោះទេ។នេះគឺជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

បញ្ជាក់នៅក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គនាព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គណៈប្រតិភូរបស់យើងបានទៅចរចាផ្ទាល់ បាន២ដង នៅថ្ងៃទី១៤និង១៥ខែឧសភា ឆ្នាំ ២០២៥នៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិកក្នុងជុំទី១ ។ សម្រាប់ជុំទី២នៅថ្ងៃទី ៤-៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៥ ។ ជុំទី៣យើងធ្វើតាមប្រព័ន្ធអនឡាញឬតាមរយៈ Zoom ។ សម្រាប់ថ្ងៃសុក្រ សប្តាហ៍កន្លងមកនេះយើងពិភាក្សាតាមប្រព័ន្ធអនឡាញ ហើយពិនិត្យលើសេចក្តីថ្លែងការណ៍រួម និងបានឯកភាពគ្នា។ សម្រាប់សេចក្តីថ្លែងការណ៍រួមនេះយើងនឹងចេញនៅពេលឆាប់ៗនេះ។

ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី បានថ្លែងថា”យើងនឹងរង់ចាំសហរដ្ឋអាមេរិក ដោយសារសប្តាហ៍នេះសហរដ្ឋអាមេរិក មាន ថ្ងៃបុណ្យជាតិ ថ្ងៃសុក្រគេមិនធ្វើការទេ។ ខ្ញុំបានទទួលអ៊ីម៉ែលពីសហរដ្ឋអាមេរិកថា យើងត្រៀមនឹងរកពេលវេលាសមស្របដើម្បីចេញសេចក្តីថ្លែងការណ៍ប្រកាសរួមគ្នាតែម្តង។ យើងអាចចេញនៅពេលយើងឯកភាពគ្នា។ យើងនឹងចេញសេចក្តីថ្លែងការណ៍រួមគ្នា។ យើងចាំពេលវេលាដើម្បីចេញផ្សាយរួមគ្នា។ យើងមិនអាចចេញមកមុនទេ។ បានសេចក្តីថាយើងនឹងប្រើពាក្យរួមគ្នាថាថ្ងៃនេះកម្ពុជា សហរដ្ឋអាមេរិក បានឯកភាពគ្នាទាក់ទិនពន្ធបដិការ។ ពេលនេះយើងបានត្រៀមចេញសេចក្តីថ្លែងការរួមជាមួយគ្នា”។

ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា”ទាំងនេះដោយសារយើងបានឯកភាព ចរចាដោយស្មោះត្រង់រវាងគ្នាទៅវិញទៅមក។ សម្រាប់ថ្ងៃទី៩ ខែកក្កដានេះពន្ធយើងគឺមិនមែន ៤៩ឬបន្ថែមទៀតទេ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមមិនដល់ ១៨ប្រទេសទេដែលបានចរចាជាមួយសហរដ្ឋអាមេរិក និង ក្នុងនេះកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេស ១០ទៀតដែលបានសេចក្តីថ្លែងការណ៍រួមពីសហរដ្ឋអាមេរិករួចហើយ”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា”សម្រាប់ថ្ងៃទី៩ នេះយើងអត់មានអត្រាពន្ធ៤៩ ភាគរយទេយើងរួចខ្លួន ពោលគឺមួយដំណាក់កាលរួចខ្លួនសិន។ ទោះបីយ៉ាងណាយើងសួរថាបដិការពន្ធ ប៉ុន្មានគឺអត់ទាន់ដឹងទេ។ខាងសហរដ្ឋអាមេរិកកំពុងពិចារណា និងសុំការឯកភាពពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ។ គាត់នឹងប្រកាស ចំណែកយើងកំពុងរង់ចាំដូចគ្នា។ការចរចានេះយើងបានបញ្ជាក់ច្បាស់ណាស់ជុំវិញបញ្ហាទាំងនេះ។យើងបានឱ្យសហរដ្ឋអាមេរិកពិចារណាកុំយកអត្រាពន្ធខ្ពស់ដែលបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងកម្រិត ៩៧ផាគរយ ។

ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំចរចាបញ្ហាពន្ធជាមួយអាមេរិក ដោយយកចិត្តទុកដាក់បំផុត ៕

ព័ត៌មានទាក់ទង