Detail Top Banner – Conway

លោកត្រាំ បញ្ជូនក្រុមការងារទៅប៉ាគីស្ថាន ប៉ុន្តែអ៊ីរ៉ង់បដិសេធចូលតុចរចា

ស្ថានការណ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចតានតឹងជាថ្មីម្តងទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបញ្ជូនក្រុមប្រតិភូជាន់ខ្ពស់ឲ្យធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅយប់ថ្ងៃចន្ទទី២០ខែមេសានេះ ដើម្បីបើកផ្លូវស្វែងរកសន្តិភាព។ ប៉ុន្តែភ្លាមៗនោះ ខាងភាគីអ៊ីរ៉ង់បានឆ្លើយតបវិញយ៉ាងដាច់អហង្ការថា ខ្លួននឹងមិនចូលរួមក្នុងការចរចាជុំថ្មីនេះឡើយ ដោយសារតែអាមេរិកនៅតែបន្តដាក់លក្ខខណ្ឌតឹងរ៉ឹងពេក និងមិនមានភាពច្បាស់លាស់ក្នុងគោលជំហររបស់ខ្លួន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន France24។

រឿងរ៉ាវកាន់តែរកាំរកូសខ្លាំង បន្ទាប់ពីលោកត្រាំ បានបង្ហើបឲ្យដឹងថា កងទ័ពអាមេរិកទើបតែបានប្រើកម្លាំងបាញ់កម្ទេចគ្រឿងម៉ាស៊ីន និងចូលគ្រប់គ្រងនាវាដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់យ៉ាងច្បាស់ៗលើបណ្តាញសង្គមថា អាមេរិកកំពុងក្តោបក្តាប់នាវានោះទាំងស្រុង ហើយកំពុងឆែកឆេរមើលថាតើមានអ្វីខ្លះនៅខាងក្នុង។ ទន្ទឹមនោះ ជម្លោះនៅផ្លូវទឹកដ៏សំខាន់ក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងធ្វើឲ្យពិភពលោកបារម្ភយ៉ាងខ្លាំង ព្រោះការបិទផ្លូវនាវាដឹកប្រេងបានធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ដ្បិតអាមេរិកត្រៀមបញ្ជូនមន្ត្រីជាន់ខ្ពស់ រួមទាំងអនុប្រធានាធិបតី JD Vance ទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដក៏ដោយ ក៏អ៊ីរ៉ង់នៅតែយល់ថាការចរចានេះគ្មានន័យ ដរាបណាអាមេរិកនៅតែបន្តការបិទខ្ទប់ផ្លូវទឹក និងមិនបញ្ឈប់ការគំរាមកំហែង។ ក្នុងពេលជាមួយគ្នានេះ លោកត្រាំ ក៏មិនបានបន្ថយដៃដែរ ដោយលោកបានព្រមានជាថ្មីថា បើអ៊ីរ៉ង់មិនព្រមធ្វើតាមលក្ខខណ្ឌទេ លោកនឹងបញ្ជាឲ្យវាយប្រហារលើគោលដៅសំខាន់ៗក្នុងប្រទេសអ៊ីរ៉ង់បន្ថែមទៀត ដែលសកម្មភាពនេះកំពុងធ្វើឲ្យមហាអំណាចទាំងពីរស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមកាន់តែជ្រៅ។

នៅឯប្រទេសប៉ាគីស្ថានវិញ សន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតខ្ពស់បំផុត ដើម្បីត្រៀមទទួលក្រុមការងារអាមេរិក ប៉ុន្តែព័ត៌មានដែលថាអ៊ីរ៉ង់ដកខ្លួនចេញពីការចរចា បានធ្វើឲ្យក្តីសង្ឃឹមនៃបទឈប់បាញ់កាន់តែពិបាកនឹងទទួលជោគជ័យ។ មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានមើលយ៉ាងអន្ទះសារថា តើលោកត្រាំ នឹងសម្រេចចិត្តបែបណា បន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតហាក់ជួបភាពទាល់ច្រកបែបនេះ ខណៈដែលសម្ពាធសេដ្ឋកិច្ច និងតម្លៃសាំងដែលកំពុងឡើងថ្លៃ ក៏កំពុងដាក់បន្ទុកយ៉ាងធ្ងន់លើរដ្ឋាភិបាលអាមេរិកផងដែរ៕

ព័ត៌មានទាក់ទង