សង្គ្រាមមជ្ឈិមបូព៌ា បានលេចចេញសញ្ញា ផ្ទុះខ្លាំងជាថ្មីទៀតហើយ បន្ទាប់ពីប្រមុខសេតវិមាន ដូណាល់ ត្រាំ គំរាមវាយអ៊ីរ៉ង់ យ៉ាងចាស់ដៃបំផុត សងសឹកឲ្យការបាញ់មីស៊ីលបាលីស្ទិក លើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី និងការវាយប្រហារដោយដ្រូន លើកប៉ាល់ដឹកឧស្ម័នធម្មជាតិរបស់អាមេរិក នៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេ ក្នុងប្រទេសអេហ្ស៊ីប។

ទូរទស្សន៍ RT បានដកស្រង់សម្តីប្រមុខរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងការិយាល័យរាងពងក្រពើ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថា៖ «ដល់វេនយើងវិញហើយ! យើងនឹងវាយអ៊ីរ៉ង់ ឲ្យចាស់ដៃបំផុត។ ពួកគេដឹងថា នឹងមានអ្វីកើតឡើង។ ពួកគេបានសុំយើង កុំឲ្យធ្វើរឿងនោះ»។
ប្រតិបត្តិការនេះ នឹងក្លាយជាការសងសឹក ក្រោយពេលក្រុមហ៊ុនសន្តិសុខនាវាចរណ៍អង់គ្លេស Ambrey អះអាងថា ដ្រូនមួយគ្រឿង បានវាយប្រហារលើកប៉ាល់ស្តុក និងបំប្លែងឧស្ម័នរាវ Energos Winter របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បង្កជាអគ្គិភ័យឆាបឆេះ រួចរាលដាលទៅដល់កប៉ាល់ដឹកប្រេង GasLog Salem របស់ក្រិក ដែលស្ថិតនៅជិតនោះ។

ការវាយប្រហារនេះទៀតសោត កើតឡើងបន្ទាប់ពី ទីក្រុងតេហេរ៉ង់ បន្តបាញ់មីស៊ីលបាលីស្ទិក យ៉ាងភ្ញាក់ផ្អើល ដោយកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ៊្សកដានី ទោះលោកត្រាំ ប្រកាសផ្អាកវាយ ៣ថ្ងៃ ដើម្បីបើកផ្លូវចរចាក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីទីបញ្ជាការអាមេរិក (CENTCOM), ប្រតិបត្តិការនោះ មិនទទួលជោគជ័យឡើយ ដោយមីស៊ីលដែលហោះមកទាំងអស់ ត្រូវស្ទាក់ចាប់បានខ្ទេច មិនរបូតមួយគ្រាប់ណាសោះឡើយ។

នៅជុំទី៣ នៃសង្គ្រាមមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក បានបើកការវាយប្រហារអ៊ីរ៉ង់ ១៣យប់ជាប់គ្នា ដោយ CENTCOM បញ្ជាក់ថា គោលបំណងគឺ ដើម្បីបំផ្លាញសមត្ថភាពរបស់ទីក្រុង តេហេរ៉ង់ ឈប់ឲ្យកងឆ្មាំបដិវត្ត (IRGC) គំរាមដល់កប៉ាល់ពាណិជ្ជកម្ម នៅផ្លូវទឹកជាយុទ្ធសាស្រ្តទៀត។
ការផ្ទុះអាវុធម្តងទៀត ធ្វើឲ្យ MoU ខែមិថុនា ត្រូវរលាយ ហើយបើគិតចាប់តាំងពីអាមេរិក បើកការវាយប្រហារថ្មី នៅថ្ងៃទី៧ ខែកក្កដា មក មានមនុស្សជាង ៥០នាក់ហើយ ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់ ខណៈអាមេរិក ក៏បញ្ជាក់ពីការពលីជីវិត ទាហាន ១៨នាក់ផងដែរ៕


