ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា កងកម្លាំងអ៊ុយក្រែន នឹងបន្តបើកការវាយប្រហារលើបណ្តារោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីឡើងវិញ ដោយមិនបន្តអនុវត្តការផ្អាកសកម្មភាពយោធា តាមការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើយ។
ការសម្រេចចិត្តដ៏រសើបនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដែលទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្ដាច់ជំនួយព័ត៌មានសម្ងាត់យោធា និងការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណិតរណប Starlink របស់អ៊ុយក្រែន ជាពិសេស ក្រោយពីការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងមេដឹកនាំទាំងពីរ ជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូត រវាងអាមេរិក និងរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខដ៏ក្តៅគគុក ជាមួយសារព័ត៌មាន Financial Times ដែលចុះផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ប្រមុខដឹកនាំអ៊ុយក្រែន បានថ្លែងថា៖ «ការរារាំងឬមិនឱ្យវាយប្រហារលើរោងចក្រចម្រាញ់ប្រេង ត្រូវបានលុបចោលហើយ។ ពួកយើងល្មមហើយ! យើងត្រូវការភាពស្មោះត្រង់ពីដៃគូរបស់យើង អំពីសង្គ្រាមមួយនេះ»។
ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអង់គ្លេស លោក Piers Morgan កាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បានយល់ស្របថា លោកមានអារម្មណ៍ថា លោក «ត្រូវបានគេក្បត់» ដោយកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតរបស់លោកត្រាំំ ជាមួយលោកពូទីន។ លោកក៏បានចោទសួរអំពីការផ្តល់ប្រឹក្សាដែលលោកត្រាំ ទទួលបាន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅទីក្រុងកៀវ បានចោទប្រកាន់សហរដ្ឋអាមេរិកជាចំហថា កំពុងជួយរុស្ស៊ី។
លោកបានលើកឡើងថា៖ «វាជារឿងដ៏ឈឺចាប់នៅពេលដែលប្រធានាធិបតី ត្រាំ ជ្រើសរើសគាំទ្រក្រុមម្ខាង ដែលមិនមែនជាខាងយើង។ ខ្ញុំគិតថាទីប្រឹក្សារបស់គាត់គឺខុសហើយ។ នេះមិនមែនជាជំហរដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រនោះទេ»។
កាលពីដើមសប្តាហ៍នេះ អ៊ុយក្រែនបានយល់ព្រមផ្អាកការវាយប្រហារតាមការអំពាវនាវរបស់លោក ត្រាំ ដែលបានប្រកាសថា លោកបានសម្របសម្រួលឱ្យមាន បទឈប់បាញ់ផ្នែកថាមពល រវាងទីក្រុងកៀវ និងទីក្រុងម៉ូស្គូ។ លោកត្រាំ ក៏បានរិះគន់អ៊ុយក្រែនថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារពិភពលោកហក់ឡើងខ្ពស់។
ទោះជាយ៉ាងណា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ខណៈពេលដែលអ៊ុយក្រែនគោរពតាមការផ្អាកនេះ កងកម្លាំងរុស្ស៊ីនៅតែបន្តបើកការវាយប្រហារដោយមីស៊ីល និងដ្រូនយ៉ាងចាស់ដៃមកលើរោងចក្រថាមពល និងតំបន់ស៊ីវិលរបស់អ៊ុយក្រែនដដែល។ ស្របពេលជាមួយគ្នានោះ ប្រព័ន្ធអ៊ីនធឺណិតរណប Starlink របស់ក្រុមហ៊ុនមហាសេដ្ឋី Elon Musk បានកាត់បន្ថយល្បឿន និងរំខាននៅទូទាំងប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាដ្រូនវាយប្រហារជួរមុខរបស់អ៊ុយក្រែនយ៉ាងខ្លាំង។
អ្វីដែលធ្វើឱ្យលោកខឹងសម្បារយ៉ាងខ្លាំង និងចាត់ទុកថាជា «ការក្បត់ដ៏គ្រោះថ្នាក់» នោះ គឺការដាក់សម្ពាធពីសេតវិមាន។ លោកទម្លាយថា មន្ត្រីយោធាអាមេរិកធ្លាប់បានព្រមានអ៊ុយក្រែនជាមុនថា ប្រសិនបើអ្នកមិនបញ្ឈប់ ការវាយប្រហារលើរោងចក្រថាមពលរុស្ស៊ី ទេ យើងនឹងកាត់ផ្តាច់ព័ត៌មានសម្ងាត់ ។
កត្តាទាំងនេះហើយ ដែលជម្រុញឱ្យលោក ហ្សេលេនស្គី អស់ការអត់ធ្មត់ ហើយសម្រេចចិត្តប្រកាសបន្តការវាយប្រហារឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ី និងការរឹតត្បិតជំនួយពីខាងសហរដ្ឋអាមេរិក៕


