Detail Top Banner – Conway

កង​ទ័ព​អ៊ីស្រាអែល​ បើកការវាយ​ប្រហារតាម​អាកាស និង​បាញ់ផ្លោង​កាំភ្លើងធំ​ កម្ទេច​​ភាគខាងត្បូងលីបង់​ ​

ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​ មិន​ស្ងាត់​ឡើយ​ ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់​សម្រប​សម្រួល​ដោយ​សហរដ្ឋ​អាមេរិក​​ក៏​ដោយ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា កង​ទ័ព​អ៊ីស្រាអែល​បានធ្វើការវាយ​ប្រហារតាម​ផ្លូវអាកាស ការបាញ់​ផ្លោង​ដោយ​កាំភ្លើងធំ និងបំផ្លិច​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូ​ទាំង​តំបន់ភាគខាងត្បូងប្រទេស​លីបង់ ខណៈយាន​យន្ត​យោធាបាន​ធ្វើដំណើរឆ្ពោះ​ទៅកាន់​តំបន់ជាយក្រុង​នៃទីក្រុង​ព្រំដែន Kfar Shuba​។

យន្តហោះ F-35 របស់​អ៊ីស្រាអែល​

ទី​ភ្នាក់​ងារព័ត៌មាន​ជាតិលីបង់​បានរាយការណ៍​ថា យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បានវាយប្រហារ​ទីក្រុង Mansouri ក្នុង​ស្រុក Tyre​។

ទីភ្នាក់ងារ​ដដែលឱ្យដឹង​ទៀតថា កាំភ្លើងធំ​របស់អ៊ីស្រាអែល​ក៏បាន​កំណត់គោលដៅ​លើតំបន់ជាយ​ក្រុង Bint Jbeil និងជ្រលងភ្នំ ​Srebbine និង Zibqin ផងដែរ ខណៈកង​កម្លាំងអ៊ីស្រាអែល​បាន​បាញ់​ផ្លោង​យ៉ាងខ្លាំងទៅ​លើជ្រលងភ្នំ និងតំបន់ព្រៃឈើ​ក្នុងតំបន់​ Srebbine។

យោងតាម​ប្រភពដដែល​​ ក្នុងស្រុក Nabatieh កងកម្លាំង​អ៊ីស្រាអែល ​បាន​បង្កឱ្យមាន​ការផ្ទុះធំៗ​ចំនួនពីរ​ក្នុងពេលដំណាលគ្នា គឺ​នៅតំបន់ ​Kfar Tebnit (ជិត​សាលារៀន​មួយកន្លែង) និងតំបន់ Zawtar al-Sharqiya ឆ្ពោះទៅ​កាន់តំបន់​ Nabatieh al-Fawqa។

លើស​ពីនេះ កាំភ្លើង​ធំរបស់អ៊ីស្រាអែល​ក៏បានបាញ់ផ្លោងទៅលើតំបន់ ​Jarmaq ក្នុង​ស្រុក Jezzine និងតំបន់​ជាយក្រុង Kfar Shuba ផងដែរ​។​

ដោយ​ឡែក​ ក្នុងតំបន់ Kfar Shuba ទីភ្នាក់ងារព័ត៌​មានមួយ​បានរាយ​ការណ៍ថា គ្រឿង​ចក្រឈូសឆាយ​របស់យោធាអ៊ីស្រាអែល​មួយគ្រឿង ​រួមជាមួយរថ​ក្រោះពីរគ្រឿង និងយានយន្តមួយ​ចំនួនទៀត បានធ្វើដំណើរឆ្ពោះ​ទៅកាន់ជាយក្រុង​ភាគខាងត្បូង​នៃទីប្រជុំជន។

យន្តហោះ​អ៊ីស្រាអែល​ នៅ​ភាគ​ខាង​ត្បូង​លីបង់​

យោង​តាម​តួលេខផ្លូវការ​​ចេញផ្សាយ​ដោយរដ្ឋាភិបាល​លីបង់​កាលពីថ្ងៃ​ចន្ទ ចាប់​តាំងពីថ្ងៃទី០២ ខែមីនា​ មក ការវាយប្រហារ​របស់អ៊ីស្រាអែល​ទៅ​លើប្រទេសលីបង់ បណ្តាលឱ្យ​មនុស្ស ៤ ៣៨៩នាក់ស្លាប់ និង ១២ ៤២៤នាក់​ ផ្សេងទៀត​រងរបួស។

ការវាយ​ប្រហារទាំងនេះនៅតែបន្ត​កើតមាន ទោះបីជាមានកិច្ចព្រម​ព្រៀង​ក្របខ័ណ្ឌមួយ​​សម្របសម្រួលដោយសហរដ្ឋអាមេរិក និងត្រូវបាន​ចុះហត្ថលេខាដោយ​ទីក្រុងបេរូតនិងទីក្រុង Tel Aviv កាលពីថ្ងៃទី ២៦ ខែមិថុនា ក៏ដោយ៕

ប្រភព៖ Anadolu

ព័ត៌មានទាក់ទង
×
Popup Banner