ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីតាំងការពារ និងមជ្ឈមណ្ឌលភស្តុភាររបស់អ៊ុយក្រែន ហើយនឹងមិនដាក់បញ្ចូលការបង្កើតតំបន់សន្តិសុខនៅតាមបណ្តោយព្រំដែន ទៅក្នុងការចរចាសន្តិភាពនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃទី ១៧ ខែតុលា អំឡុងពេលចុះទស្សនកិច្ចនៅទីបញ្ជាការរងរបស់កងកម្លាំងរុស្ស៊ី កំពុងចូលរួមក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន លោក ពូទីន ថ្លែងអំពីគោលដៅយោធា ស្ថានភាពនៅលើសមរភូមិ និងភារកិច្ចការពារតំបន់ព្រំដែនរបស់រុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា កងទ័ពរបស់ប្រទេសនឹងបន្តអនុវត្តតាមគោលដៅដែលបានកំណត់ រួមមានការពង្រីកការគ្រប់គ្រងនៅក្នុងតំបន់ Donetsk ការបន្តប្រតិបត្តិការវាយលុកប្រឆាំងនឹងទីតាំងយោធារបស់អ៊ុយក្រែន និងការបង្កើតតំបន់សន្តិសុខមួយ ដើម្បីការពារទឹកដីរបស់រុស្ស៊ី។
ប្រធានាធិបតី ពូទីន បានថ្លែងថា ប្រទេសរុស្ស៊ីនឹងមិនដាក់បញ្ហានៃការធានាសុវត្ថិភាពនៅតាមតំបន់ព្រំដែនរបស់ខ្លួន ទៅជាចំណុចសម្រាប់ការចរចានៅក្នុងកិច្ចពិភាក្សាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ។
យោងតាមលោក ពូទីន បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានចូលទៅក្នុងខេត្ត Kursk របស់រុស្ស៊ី ទីក្រុងមូស្គូបានដាក់បញ្ជាឱ្យកងទ័ពរបស់ខ្លួន មិនត្រឹមតែរុញច្រានកងកម្លាំងសត្រូវចេញពីទឹកដីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតតំបន់សុវត្ថិភាពមួយ ដើម្បីទប់ស្កាត់ការវាយប្រហារស្រដៀងគ្នានេះ នាពេលអនាគតទៀតផង។
ប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ថា៖ «ភារកិច្ចរបស់យើង គឺធានាសុវត្ថិភាពដាច់ខាតសម្រាប់តំបន់ព្រំដែនរបស់រុស្ស៊ីនាពេលអនាគត ហើយយើងនឹងមិនលើកយកបញ្ហានេះមកពិភាក្សានៅក្នុងការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែននោះទេ»។
លោក ពូទីន លើកឡើងថា ការបង្កើតតំបន់សុវត្ថិភាពនេះ កំពុងដំណើរការទៅដោយជោគជ័យ ហើយលោកណែនាំដល់មេបញ្ជាការយោធាឱ្យបន្តអនុវត្តភារកិច្ចនេះស្របតាមគោលដៅនៃប្រតិបត្តិការយោធា កំណត់ដោយទីក្រុងមូស្គូ។
ទាក់ទងនឹងប្រតិបត្តិការប្រយុទ្ធ មេដឹកនាំរុស្ស៊ីរូបនេះបានបញ្ជាឱ្យកងទ័ព បន្តធ្វើការវាយប្រហារដោយមានការសម្របសម្រួលគ្នា ទៅលើទីតាំងឧស្សាហកម្មការពារជាតិ និងមជ្ឈមណ្ឌលភស្តុភាអ៊ុយក្រែន។
ប្រធានាធិបតី ពូទីន សង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ ចាំបាច់ត្រូវបន្តធ្វើការវាយប្រហារទ្រង់ទ្រាយធំ និងមានការសម្របសម្រួលគ្នា ទៅលើទីតាំងការពារជាតិ និងមជ្ឈមណ្ឌលភស្តុភាររបស់សត្រូវ»៕
ប្រភព៖ TASS


