Detail Top Banner – Conway

អាមេរិក បង្គាប់ឱ្យមន្ត្រីការទូតចាកចេញពីអារ៉ាប៊ីសាអូឌីត ជាបន្ទាន់ ក្រោយរងការវាយប្រហារផ្ទួនៗពីក្រុមហ៊ូធី

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាឱ្យមន្ត្រីការទូតមួយចំនួន និងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីបេសកកម្មការទូតនានាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏មានផែនការដកសមាជិកគ្រួសារមន្ត្រីការទូតពីស្ថានទូតអាមេរិកមួយចំនួនទៀត នៅក្នុងតំបន់នេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអាមេរិក ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែតុលា។

ការបញ្ជាជម្លៀសនេះបានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួសនៅឯព្រលានយន្តហោះស៊ីវិលមួយក្នុងក្រុង Dammam ព្រមទាំងមនុស្ស ២ នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយដ្រូនលើទីលានប្រេងមួយកន្លែង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានបង្ហោះនៅលើបណ្តាញសង្គម X ថា ក្រសួងបានបង្គាប់ឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិកដែលមិនមែនជាផ្នែកសង្គ្រោះបន្ទាន់ និងសមាជិកគ្រួសាររបស់ពួកគេចាកចេញពីអារ៉ាប៊ីសាអូឌីត ចំពេលមានការវាយប្រហារពីសំណាក់ក្រុមហ៊ូធីនៅយេម៉ែន ដែលមានអ៊ីរ៉ង់ជាបង្អែក មកលើគោលដៅស៊ីវិលនៅក្នុងប្រទេស។

លោក Pigott បានលើកឡើងថា៖ «ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្កើនអរិភាពកាន់តែខ្លាំងឡើងប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត រួមទាំងការវាយប្រហារលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលបណ្តាលឱ្យមានជនស៊ីវិលរងគ្រោះ និងរំខានយ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ»។

ទោះជាយ៉ាងណា មន្ត្រីអាមេរិកចំនួន ៤ រូបបានប្រាប់ Reuters ថា បេសកកម្មការទូតអាមេរិកនៅក្នុងប្រទេសតំបន់ឈូងសមុទ្រផ្សេងទៀត ក៏នឹងចេញបញ្ជាឱ្យសមាជិកគ្រួសារមន្ត្រីការទូតចាកចេញផងដែរ ប៉ុន្តែលោក Pigott មិនបានលើកឡើងពីការផ្លាស់ប្តូរនៅតាមស្ថានទូតដទៃក្រៅពីអារ៉ាប៊ីសាអូឌីតនោះទេ។

ការដកបុគ្គលិកការទូតចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសយេម៉ែន ដែលបានបើកសមរភូមិប្រយុទ្ធថ្មីមួយទៀតនៅក្នុងតំបន់ជម្លោះ ដែលបង្កឡើងដោយសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ វិបត្តិដ៏រីករាលដាលនេះបានធ្វើឱ្យរំខានដល់ពាណិជ្ជកម្មថាមពលសកល និងប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសតំបន់ឈូងសមុទ្រយ៉ាងខ្លាំង។

គួររំលឹកផងដែរថា ទាំងស្ថានទូតអាមេរិក និងការិយាល័យទីភ្នាក់ងារកណ្តាលស៊ើបការណ៍សម្ងាត់ (CIA) ដែលស្ថិតនៅទីនោះ ធ្លាប់បានរងការវាយប្រហារដោយដ្រូនកាលពីដើមខែមីនា កន្លងទៅ នៅពេលដែលអ៊ីរ៉ង់បានចាប់ផ្តើមបើកការវាយប្រហារនៅទូទាំងតំបន់៕

ព័ត៌មានទាក់ទង
×
Popup Banner