យន្តហោះចម្បាំងអ៊ីស្រាអែលរាប់សិបគ្រឿង ហោះក្បែរព្រំដែនអ៊ីរ៉ង់ ក្នុងបំណងញុះញង់ ឱ្យមានការឆ្លើយតបផ្នែកយោធា
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃពុធ ទី២១ ខែតុលា ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិកថា យន្តហោះចម្បាំងអ៊ីស្រាអែលរាប់សិបគ្រឿង បានហោះទៅក្បែរព្រំដែនអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ ក្នុងសកម្មភាពមួយ ដែលអាចញុះញង់ឱ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់អ៊ីរ៉ង់។
បើយោងប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល ប្រតិបត្តិការនេះបានកើតឡើង ចន្លោះយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ដោយមានការចូលរួមពីយន្តហោះចម្បាំងរាប់សិបគ្រឿង រួមជាមួយយន្តហោះចាក់ប្រេងរបស់កងទ័ពអាកាសអ៊ីស្រាអែល ផងដែរ។

យោងតាមប្រភពដដែល យន្តហោះទាំងនោះ ហោះកាត់ទឹកដីស៊ីរី និងអ៊ីរ៉ាក់ មុនពេលត្រឡប់មកកាន់អ៊ីស្រាអែលវិញ បន្ទាប់ពីហោះចូលទៅជិតព្រំដែនអ៊ីរ៉ង់ក្នុងចម្ងាយដ៏ខ្លីមួយ។
ប្រភពពីអាមេរិកបានប្រាប់ប៉ុស្តិ៍ Channel 12 ថា អ៊ីស្រាអែលអាចនឹងសង្ឃឹមថា កងកម្លាំងអ៊ីរ៉ង់នឹងបើកការបាញ់ប្រហារមកលើយន្តហោះទាំងនោះ ដោយអាចផ្តល់ជាហេតុផលត្រឹមត្រូវ សម្រាប់បើកការវាយប្រហារទៅលើអ៊ីរ៉ង់។
មន្ត្រីអាមេរិក និងអ៊ីស្រាអែលពណ៌នាប្រតិបត្តិការនេះថា ជាការសម្តែងកម្លាំង ដើម្បីទប់ស្កាត់ ប៉ុន្តែសកម្មភាពនេះក៏បង្កហានិភ័យ ផងដែរ ព្រោះអាចមានការយល់ច្រឡំពីសំណាក់អ៊ីរ៉ង់ ហើយអាចនាំឱ្យមានការឆ្លើយតបផ្នែកយោធា និងបង្កឱ្យសង្គ្រាមផ្ទុះឡើងវិញបាន។
ប្រភពពីសហរដ្ឋអាមេរិកបានបន្ថាត អ៊ីស្រាអែលបានជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោនពីប្រតិបត្តិការនេះជាមុន ដោយពណ៌នាថា វាជាសមយុទ្ធយោធា មានគោលបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើម្បីរារាំងអ៊ីរ៉ង់។ អ៊ីស្រាអែល ដឹងរួចហើយពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ដែលអាចឃើញយន្តហោះទាំងនោះ។
ប្រតិបត្តិការនេះកើតឡើង ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth ទៅកាន់អ៊ីស្រាអែល ដើម្បីចួបជាមួយនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz នៅឯមូលដ្ឋានទ័ពអាកាស Ovda ។
ដោយឡែក កាសែត Financial Times រាយការណ៍កាលពីថ្ងៃពុធ ថា កាលពីដើមខែនេះ លោក ណេតាន់យ៉ាហ៊ូ បានណែនាំឱ្យយោធាអ៊ីស្រាអែលរៀបចំប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយ ប្រឆាំងនឹងអ៊ីរ៉ង់។
ដោយដកស្រង់សម្តីបុគ្គលចំនួន ៣នាក់ ដឹងអំពីផែនការទាំងនេះ កាសែតខាងលើរៀបរាប់ថា យោធាបានរៀបចំយុទ្ធនាការអូសបន្លាយច្រើនថ្ងៃ ដោយកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទីតាំងនានាពាក់ព័ន្ធនឹងរដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងរោងចក្រផលិតថាមពលអគ្គិសនីផងដែរ។
យោងតាមសេចក្តីរាយការណ៍ ការវាយប្រហារទាំងនោះ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១០ ខែតុលា ប៉ុន្តែ ត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់នឹងបន្តសង្គ្រាមឡើងវិញ មុនពេលបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ៕


