ផ្អែកតាមការព្យាករណ៍ចុងក្រោយពីបណ្ដាញព័ត៌មាន CNN នៅថ្ងៃទី៤ ខែវិច្ឆិកានេះ អាសនៈរដ្ឋសភាយ៉ាងហោចណាស់ចំនួន ៣ នៅក្នុងរដ្ឋផ្លរីដា ដែលធ្លាប់ជាគោលដៅរៀបចំខណ្ឌសីមាឆ្នោតឡើងវិញ ដើម្បីដណ្តើមយកប្រៀបពីសំណាក់បក្សសាធារណរដ្ឋ នោះ ពេលនេះបានធ្លាក់ទៅក្នុងដៃរបស់គណបក្សប្រជាធិបតេយ្យវិញហើយ។
ជុំវិញលទ្ធផលបឋមនេះ ប្រភពផ្ទៃក្នុងជាច្រើនរបស់បក្សសាធារណរដ្ឋ ដែលតាមដានការបោះឆ្នោតរដ្ឋសភា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈលទ្ធផលដែលកំពុងហូរចូលជាបន្តបន្ទាប់ បង្ហាញសញ្ញាវិជ្ជមានខ្ពស់ថា នេះជាយប់ដ៏ជោគជ័យមួយសម្រាប់គណបក្សប្រជាធិបតេយ្យ។
ដោយឡែក សម្រាប់ការប្រកួតប្រជែងដណ្ដើមអាសនៈព្រឹទ្ធសភាវិញ ផ្នែកតាមការវិភាគទិន្នន័យបោះឆ្នោតរបស់ CNN បានវាយតម្លៃថា អតីតអភិបាលរដ្ឋ លោក Roy Cooper នឹងឈ្នះឆ្នោតនៅក្នុងរដ្ឋ North Carolina ដែលនេះជាការដណ្ដើមបានដីចាស់មកវិញ បន្ទាប់ពីបក្សប្រជាធិបតេយ្យបានខកខាន និងបាត់បង់ឱកាសគ្រប់គ្រងអស់ជាច្រើនឆ្នាំមកហើយ។
ទន្ទឹមនឹងនេះ គណបក្សប្រជាធិបតេយ្យក៏បានការពារអាសនៈចាស់របស់ខ្លួនបានជោគជ័យផងដែរ ដោយ CNN ព្យាករណ៍ថា លោកព្រឹទ្ធសមាជិក Jon Ossoff នឹងឈ្នះការបោះឆ្នោតឡើងវិញនៅក្នុងរដ្ឋ Georgia។
ក្រៅពីលទ្ធផលបោះឆ្នោត និន្នាការរបស់អ្នកបោះឆ្នោតក៏ជាចំណុចគួរឱ្យកត់សម្គាល់ផងដែរ។ យោងតាមលទ្ធផលបឋមនៃការស្ទង់មតិអ្នកបោះឆ្នោតថ្នាក់ជាតិ CNN បានឱ្យដឹងថា ៧១ ភាគរយនៃប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត យល់ឃើញថា សភាជាតិបច្ចុប្បន្នមិនទាន់បានបំពេញតួនាទីបានរឹងមាំគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យ និងទប់ទល់នឹងអំណាចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅឡើយទេ។
សម្រាប់លទ្ធផលឆ្នោតបណ្តោះអាសន្ន ដែលចេញផ្សាយដោយសារព័ត៌មាន BBC គណបក្សប្រជាធិបតេយ្យ កំពុងនាំមុខគណបក្សសាធារណរដ្ឋ ៧៣សំឡេង ទល់នឹង ៣៧ សំឡេង ក្នុងការបោះឆ្នោតរដ្ឋសភា ឬហៅថា សភាតំណាងរាស្ត្រ បន្ទាប់ពីការរាប់សន្លឹកឆ្នោតចំនួន១១០សន្លឹកដំបូង។ ដោយឡែក ក្នុងការបោះឆ្នោតព្រឹទ្ធសភាវិញ គណបក្សប្រជាធិបតេយ្យ កំពុងនាំមុខ ៤៥ ទល់នឹង ៣៥ សំឡេង៕


