មេដឹកនាំមីយ៉ាន់ម៉ា កំពុងពិចារណាពីទំនាក់ទំនងជាមួយអាស៊ាន ខណៈខ្លួនគ្រោងបិទបញ្ចប់សង្គ្រាមស៊ីវិល ដើមឆ្នាំក្រោយ
មេដឹកនាំមីយ៉ាន់ម៉ា មីន អ៊ុងឡាំង កំពុងពិចារណាឡើងវិញអំពីទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ប៉ុន្តែលោកនឹងបន្តការពិភាក្សាជាមួយបណ្តាប្រទេសសមាជិកដទៃទៀត ថាតើនឹងត្រូវធ្វើអ្វីបន្តជាមុនសិន។ ខណៈលោកគ្រោងរៀបចំសន្និសីទសន្តិភាពមួយ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងអាណត្តិ៥ឆ្នាំរបស់ខ្លួន។
បើតាមទីភ្នាក់ងារ Reuters ផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា អតីតមេដឹកនាំរបបយោធារូបនេះ ដែលការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំ ២០២១ របស់លោក បានបង្កឱ្យមានសង្គ្រាមស៊ីវិលទូទាំងប្រទេស បានប្រាប់សភាថា លោកក៏មានគម្រោងរៀបចំសន្និសីទសន្តិភាពមួយនៅខែកុម្ភៈផងដែរ ដោយមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នាក្នុងអំឡុងអាណត្តិរយៈពេល ៥ ឆ្នាំរបស់លោក។

លោក មីន អ៊ុងឡាំង ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីកាលពីខែមេសា ក្រោយការបោះឆ្នោតមួយដែលរងការរិះគន់យ៉ាងខ្លាំង និងត្រូវបានគ្រប់គ្រងដោយគណបក្សមួយដែលគាំទ្រដោយយោធា បាននិងកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានសមាជិក ១១ ប្រទេស។ គួររំឭកថា អាស៊ានបានដកមេដឹកនាំមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលរបស់ខ្លួន ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ២០២១ មក។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅប្រទេសហ្វីលីពីន មេដឹកនាំអាស៊ានបានលើកឡើងថា ពួកគេអាចនឹងពិចារណាលើការស្ដារឡើងវិញជាបណ្តើរៗនូវតំណាងនយោបាយពេញលេញរបស់មីយ៉ាន់ម៉ានៅក្នុងប្លុកតំបន់នេះ ប្រសិនបើប្រទេសនេះមានវឌ្ឍនភាពលើផែនការដែលមានជាយូរមកហើយ ក្នុងការដោះស្រាយវិបត្តិរបស់ខ្លួន៕


