រដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើនជើងហោះហើរត្រង់មកកម្ពុជា

(ម៉ាឡេស៊ី)៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នារាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ផ្លែផ្កានះកើតចេញមកពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ, ចំណងការទូតដែលមានរយៈពេលជាង៦៨ឆ្នាំ និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជា បច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរ តាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ មកភ្នំពេញ និងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិ មកកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន១៧០ នៅទូទាំងពិភពលោក។ ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕

freshnews

ព័ត៌មានទាក់ទង