៩ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង៤០៨លានដុល្លារ ពីការនាំចេញអង្ករជិត៦០ម៉ឺនតោន

(ភ្នំពេញ )៖ ការនាំចេញក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៥៩៦ ៣៤១តោន គិតជាទឹកប្រាក់ បានចំនួន ៤០៨.៩៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ១៣១ ៥៤៤ តោន គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន៧៣ ៣៣៣ តោន គិតជាទឹកប្រាក់ចំនួន៦៤.៧១ លានដុល្លាសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៨.៨១% ប្រភេទអង្ករសគ្រាប់វែង ១៦.១៨% អង្ករចំហ៊ុយ ២.៤៤% អង្ករសរីរាង្គចំនួន ១.៨៨% អង្ករបាក់គ្រប់ប្រភេទ ១០.១៣% និងអង្ករផ្សេងៗចំនួន ០.៥៦%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ២៤៧ ៩៩២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១២០៩.០៤ លានដុល្លារសហរដ្ឋអាមេរិក ៕

ព័ត៌មានទាក់ទង