អ្នកជំនាញរំពឹងថា គោលនយោបាយជាតិ ស្តីពី «ម្រេច» អាចជួយដល់ការដាំដុះ និងនាំចេញកាន់តែប្រសើរ, ៩ខែឆ្នាំនេះ ការនាំចេញម្រេចផ្តល់ចំណូលជាង ២៨លានដុល្លារ
(ភ្នំពេញ)៖ ខណៈគោលនយោបាយជាតិ ស្តីពី «ម្រេច» ត្រៀមនឹងបញ្ចប់នៅពេលខាងមុខនេះ អ្នកជំនាញក្នុងវិស័យនេះរំពឹងថា នៅពេលដែលគោលនយោបាយនេះ ដាក់ឱ្យអនុវត្តជាផ្លូវការ នោះនឹងជួយឱ្យវិស័យម្រេចទាំងមូលមានការរីកចម្រើន ទាំងការនាំចេញ ការដាំដុះ និងកែច្នៃកាន់តែមានស្តង់ដារ និងផ្តល់នូវតម្លៃល្អសម្រាប់កសិករ។
លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPSF) បានឱ្យដឹងថា នៅពេលដែលគោលនយោបាយជាតិ ស្តីពី «ម្រេច» ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មិនមែនជួយត្រឹមតែសហគមន៍កសិកម្មដាំម្រេចនោះទេ តែក៏ជួយដល់អ្នកនាំចេញម្រេចផងដែរ ព្រោះក្នុងការរៀបចំគោលនយោបាយនេះ ក្រសួងពាណិជ្ជកម្មដែលជាអ្នកដឹកនាំរៀបចំ បានប្រមូលយកនូវបញ្ហាដែលកសិករ និងសហគមន៍កសិកម្ម បានជួបប្រទះដាក់បញ្ចូលក្នុងគោលនយោបាយនេះ។
លោកស្រីលើកឡើងថា ម្រេច គឺជាដំណាំមួយដែលមានសក្តានុពលខ្លាំងក្នុងការនាំចេញ ដែលតាមអង្កេត នៅលើទីផ្សារអន្តរជាតិ មានតម្រូវការម្រេចច្រើន។ ជាក់ស្តែងបច្ចុប្បន្ននេះ ក្រុមហ៊ុននាំចេញមួយចំនួន ដែលជាសមាជិករបស់សហព័ន្ធបានប្រមូលទិញក្នុងបរិមាណច្រើនក្នុងមួយឆ្នាំៗ ដើម្បីកែច្នៃ និងវេចខ្ចប់សម្រាប់នាំចេញ។
លោកស្រីបានកត់សម្គាល់ថា ទីផ្សារសម្រេចមានច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម គឺការដាំដុះ។ លោកស្រីលើកឡើងថា បច្ចុប្បន្ននេះ កសិករដាំម្រេចមួយចំនួន មិនទាន់ចេះប្រើប្រាស់ថ្នាំ ឬជី ឱ្យបានត្រឹមត្រូវតាមស្តង់ដារទីផ្សារអន្តរជាតិ ដែលធ្វើឱ្យផលិតផលរបស់ពួកគាត់ មិនត្រូវបានក្រុមហ៊ុននាំចេញប្រមូលទិញ ព្រោះមិនអាចនាំចេញបាន។ ដូច្នេះសម្រាប់ជំហ៊ានបន្ទាប់ អ្វីដែលត្រូវធ្វើ គឺត្រូវពង្រឹងទៅលើគុណភាពស្តង់ដារ សុវត្ថិភាព ឱ្យស្របជាមួយនឹងស្តង់ដារនាំចេញ។
លោកស្រីបន្ថែមថា «យើងសង្ឃឹមនៅពេលខាងមុខ នៅពេលដែលគោលនយោបាយជាតិស្តីពី ម្រេច ដាក់ឱ្យអនុវត្ត យើងនឹងកាន់តែមានស្តង់ដារកាន់តែប្រសើរក្នុងការណែនាំកសិករ ក៏ដូចជាសហគមន៍កសិកម្មផ្សេងៗឱ្យយល់ដឹងបន្ថែមទៀតដែលធ្វើឱ្យផលិតផលម្រេចមានការកើនឡើង។ សង្ឃឹមថា នៅពេលខាងមុខ នឹងមានកម្មវិធីបណ្តុះបណ្តាលកាន់តែច្រើនដល់កសិករ ជាពិសេសការប្រើប្រាស់ ជី និងថ្នាំគីមីឱ្យត្រូវតាមស្តង់ដារ ដើម្បីឱ្យម្រេចដែលទទួលបានគឺជាផលិតផលដែលមានស្តង់ដារគុណភាព»។
បើតាមប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា តម្លៃម្រេចធម្មតានៅកម្ពុជានៅតែមានភាពល្អប្រសើរ ដែលក្នុងឆ្នាំនេះ ទទួលបានតម្លៃ២៤០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃធ្វើឱ្យកសិករទទួលបានផលចំណេញ។
យោងតាមការធ្វើបទបង្ហាញរបស់មន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥» ដែលបានរៀបចំរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា គោលនយោបាយជាតិស្តីពី«ម្រេច» នឹងត្រូវរៀបចំបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២៦ និងបញ្ជូនទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ក្នុងមាសទី២ ឆ្នាំ២០២៦។
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ លោកជឿជាក់ថា នៅពេលគោលនយោបាយជាតិ ស្តីពី «ម្រេច» ដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង២៨ លានដុល្លារ ពីការនាំចេញម្រេច។ ទីផ្សារគោលដៅនាំចេញម្រេចកម្ពុជា មានដូចជា វៀតណាម មាន៦៧.៩% បណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង សាធារណរដ្ឋឆេក ប៊ែលហ្សិច អង់គ្លេស រុស្ស៉ី។ ព្រមទាំងបានពង្រីកទីផ្សារបន្ថែមទៀត រួមមាន តួកគី ប៉ាគីស្ថាន និង UAE។ ដោយឡែកការនាំចេញក្នុងឆ្នាំ២០២៤ សម្រេចបាន៧៣០០តោន ទទួលបានទឹកប្រាក់៣៤.៥៣៨លានដុល្លារ។
ម្រេចមានដាំដុះតាមខេត្តចំនួន២០ នៃប្រទេសកម្ពុជា ហើយខេត្តដែលមានផលិតកម្មម្រេចច្រើនជាងគេ រួមមាន ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី បាត់ដំបង និងក្រចេះ។ ក្នុងឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំម្រេចប្រមាណ ៦ ៨៣០ ហិកតា ដោយទទួលបានទិន្នផលមធ្យម ៣.១៤តោនក្នុងមួយហិកតា និងទទួលបានបរិមាណផលសរុប ២១ ៤៥៦តោន៕


