មនុស្សយ៉ាងហោចណាស់១៦នាក់ បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដែលវាយប្រហារភាគខាងកណ្ដាលវៀតណាម។ អាជ្ញាធរក៏កំពុងរូតរះសង្រ្គោះមនុស្សដែលជាប់គាំងតាមដំបូលផ្ទះ។
ខេត្តនៅភាគកណ្ដាលវៀតណាម កំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ឥតស្រាកស្រាន្តតាំងពីចុងខែតុលាមក។ ផ្ទះប្រជាជនរាប់ម៉ឺនខ្នង និងសូម្បីតែទីក្រុងប្រវត្តិសាស្រ្តក៏ត្រូវទឹកជន់លិចដែរ។
ក្រសួងបរិស្ថានវៀតណាម និយាយនៅថ្ងៃទី២០ ខែវិច្ឆិកាថា ទឹកជំនន់ចុងក្រោយនេះនៅភាគកណ្ដាល និងខាងត្បូង បានសម្លាប់មនុស្ស១៦នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកមនុស្ស៥នាក់ដែលបាត់ខ្លួន។
ការជួយសង្រ្គោះកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ នៅខេត្ត Gia Lai និង Dak Lak ដែលនៅភាគកណ្ដាល ក្រុមជួយសង្រ្គោះ បានប្រើប្រាស់ទូកដើម្បីស្វែងរកប្រជាជនពីផ្ទះមួយទៅផ្ទះមួយ ដោយបានហែកដំបូលដើម្បីទាញយកប្រជាជនដែលជាប់ក្នុងផ្ទះ។ ទឹកជំនន់ ក៏វាយប្រហារខេត្ត Nha Trang ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បី ដែលលិចលំនៅដ្ឋាន និងរថយន្តរាប់សិបគ្រឿងនៅថ្ងៃទី២០ ខែវិច្ឆិកា។
ចំណែកនៅតំបន់ខ្ពង់រាបនៅខេត្ត Da Lat បំណាក់ដីជាច្រើនបានកើតឡើង ស្របពេលដែលទឹកភ្លៀងមានកម្ពស់លើសកន្លះមែ៉ត្រ។ នេះបើតាមការិយាល័យធាតុអាកាសវៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមរាយការណ៍ថា បណ្ដាញទូរស័ព្ទអាសន្ន ទទួលបានការហៅយ៉ាងច្រើននៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា នៅពេលដែលកម្រិតទឹកកើនឡើង។
ជាមួយគ្នានេះ ក្រសួងការពារជាតិវៀតណាម ក៏ពង្រាយឧទ្ធម្ភាគចក្រដើម្បីស្វែងរកប្រជាជនថែមទៀត។
បើតាមទិន្នន័យពីការិយាល័យស្ថិតិវៀតណាម គ្រោះធម្មជាតិ បានបន្សល់ទុកមនុស្ស២៧៩ស្លាប់ ឬបាត់ខ្លួន និងបង្កការខូចខាតច្រើនជាង២ពាន់លានដុល្លារចន្លោះខែមករាដល់ខែតុលា៕

