ព្យុះភ្លៀងលាយឡំនឹងទឹកកក បានវាយប្រហារប្រទេសវៀតណាមនិងឡាវ ដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ថែមទាំងបង្កការបំផ្លិចបំផ្លាញខ្លាំងក្លាគួរសម ខណៈថៃ ឯណោះកំពុងរងគ្រោះដោយរលកកម្តៅ។
នៅវៀតណាម, បើតាមការផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ ព្យុះភ្លៀងលាយឡំនឹងទឹកកក បូករួមជាមួយបាតុភូមិខ្យល់កន្ត្រាក់និងរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន៤នាក់ និងរបួស៩នាក់។
ក្នុងចំណោមអ្នកស្លាប់ទាំង៤ គឺមាន២នាក់ស្លាប់នៅខេត្ត Tuyen Quang និង Son La ចំណែក២នាក់ទៀត ស្លាប់នៅ Quang Ninh ខណៈទីក្រុងហាណូយក៏រងការបំផ្លិចបំផ្លាញផងដែរ ដោយផ្ទះសម្បែងជាច្រើនខ្នង ត្រូវខ្ទេចខ្ទី។
នៅឡាវឯណោះវិញ ប្រទេសនេះមិនទាន់ធូរស្រាលពីគ្រោះធម្មជាតិនៅឡើយទេ ដោយព្យុះភ្លៀងលាយឡំទឹកកកដូចគ្នានេះ បានបង្កការខូចខាតដល់ផ្ទះសម្បែង ៥ ៤៩០ខ្នងនៅទីក្រុងវៀងចន្ទន៍ កាលពីសប្តាហ៍មុន។
ដ្បិតមិនមានអ្នកស្លាប់ ប៉ុន្តែគ្រោះធម្មជាតិនេះ បណ្តាលឲ្យមនុស្ស៩នាក់ រងរបួស និងបង្កទុក្ខលំបាកដល់ពលរដ្ឋ រាប់ពាន់គ្រួសារ។
ងាកទៅថៃ, ក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថល (DES) របស់ប្រទេសនេះ បានចេញសេចក្តីព្រមានយ៉ាងអាសន្នមួយនៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ថា សន្ទស្សន៍កម្ដៅ (Heat Index) កំពុងហក់ឡើងខ្ពស់ ហើយអាចនឹងឈានដល់៦០អង្សាសេឯណោះនាដើមខែមេសា។
យោងតាមបាងកកប៉ុស្ដិ៍ ក្រសួងថៃបញ្ជាក់ថា ស្ថានភាពក្ដៅហួតហែងខ្លាំងបែបនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម ដែលធ្វើឲ្យរាងកាយពិបាកគ្រប់គ្រងសីតុណ្ហភាព៕
ប្រភព៖ VN Express, Laotian Times & Bangkok Post


