(បាងកក)៖ ក្រុមមន្ត្រីពន្ធគយថៃ បានបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការលួចរត់ពន្ធសំណល់អេឡិចត្រូនិក ឬហៅថា E-waste ដោយខុសច្បាប់ចូលក្នុងប្រទេសរបស់ខ្លួន ជាមួយ ការពង្រីកការចូលរួមនាយកដ្ឋានស៊ើបអង្កេតពិសេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
មន្ត្រីគយពន្ធថៃបានបង្កើនការចូលរួមជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស បន្ទាប់ពីមានការរឹបអូសទូរកុងតឺន័រចំនួន១៨ ហើយក្នុងនោះទៀតសោតមានទូរកុងតឺន័រខ្លះមានផ្ទុក សំណល់អេឡិចត្រូនិកដែលត្រូវបានបន្លំថាផ្ទុកដែកអេតចាយ។ ការរឹបអូសខាងលើត្រូវបានធ្វើឡើងក្រោយការចែករំលែកព័ត៌មានសម្ងាត់ដោយស្ថាប័ន Basel Action Network (BAN) និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC បានឱ្យដឹងថាកងតឺន័រគួរឱ្យសង្ស័យចំនួន៧១៤ ត្រូវបានរឹបអូស នៅចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦។
អាជ្ញាធរថៃបានរកឃើញថាក្នុងចំណោមទូរកុងតឺន័រចំនួន ១៨ មានទូរកុងតឺន័រចំនួន ១២ ត្រូវបានប្រកាសថាជាទូរកុងតឺន័រផ្ទុកដែកអេតចាយមានប្រភពមកពីប្រទេសហៃទី ប៉ុន្តែមានលាយឡំ ជាមួយសំណល់អេឡិកត្រូនិក។ ចំណែក ទូរកុងន័រ៤ទៀតត្រូវបានប្រកាសថាជាទូរកុងតឺន័រផ្ទុកដែកអេតចាយ និងលោហៈចម្រុះមកពីសហរដ្ឋអាមេរិក ខណៈទូរកុងតឺន័រ២ផ្សេងទៀត ត្រូវបានប្រកាសថាជាទូរកុងតឺន័រផ្ទុកអេតចាយអាលុយមីញ៉ូមមកពីសហរដ្ឋអាមេរិក និងហូឡង់៕



